(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលយៀកថៃ កំពង់ចាម ក្នុងសង្កាត់សំបួរមាសក្រុងកំពង់ចាម។
បើតាមប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម លោកស្រី យឹម សុធានី បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងខេត្តកំពង់ចាម មានគណបក្សនយោបាយចំនួន ១៣ បានចូលរួមប្រកួតប្រជែងដើម្បីដណ្ដើមយកអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៨១៧ អាសនៈ ហើយមានអ្នកបោះឆ្នោតចំនួន ៤៩៤,០៥០នាក់ បានចេញមកបោះឆ្នោត ស្មើនឹង ៧៩,៩០% នៃចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ មានចំនួន ៦១៨,៣៣៨នាក់។
លោកស្រី យឹម សុធានី បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ ជាលទ្ធផលបណ្តោះអាសន្នគណបក្សចំនួន ៤ បានទទួលអាសនៈក្រុមប្រឹក្សាឃុំសង្កាត់មាន៖
*ទី១៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦១៦ អាសនៈ
*ទី២៖ គណបក្សភ្លើងទៀនទទួលបាន ១៩៦ អាសនៈ
*ទី៣៖ គណបក្សសុំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបាន ១ អាសនៈ
*ទី៤៖ គណបក្សយុវជនកម្ពុជា ទទួលបាន អាសនៈ។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៅគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ចាម កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដី គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែង ជម្នះគ្រប់ឧបសគ្គដើម្បីការរៀបចំការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមានភាពសម្ងាត់ ដូចលទ្ធផលដែលទទួលបានថ្មីៗ កន្លងមកនេះ ធ្វើឲ្យមានការកោតសរសើរ ទាំងមតិជាតិ និងមតិអន្តរជាតិ។
លោកអភិបាលខេត្ត បានបន្តទៀតថា ការបោះឆ្នោតបានបញ្ចប់ទៅដោយជោគជ័យហើយ ដូច្នេះក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ត្រូវចូលកាន់តំណែង រួមគ្នាធ្វើការ រួមគ្នាដោះស្រាយបញ្ហា រួមគ្នាបម្រើប្រជាពលរដ្ឋ ដោយមិនឈរលើគោលការណ៍កម្មវិធីនយោបាយរបស់ខ្លួន យកមកអនុវត្តលើមុខងារជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នោះទេ ពោល ត្រូវតែបម្រើប្រជាពលរដ្ឋដោយឈរលើគោលការណ៍ច្បាប់ នៃប្រទេសរបស់យើង៕