(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការបន្ទាន់មួយ ដើម្បីបង្ក្រាបរាល់អាជីវកម្មបូមខ្សាច់ ដែលអនុវត្តន៍ផ្ទុយពីច្បាប់អនុញ្ញាត។
ការដាក់ចេញវិធានការបង្រ្កាបអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ខាងលើបានធ្វើឡើងនារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើបញ្ហានេះ ជាមួយមន្ទីរអង្គភាពជំនាញអភិបាលស្រុក និងមេឃុំចំនួន ៣៥ ឃុំ ដែលមានភូមិសាស្រ្តជាប់ដងទន្លេមេគង្គ។
លោកអភិបាលខេត្តបានឱ្យដឹងថា កន្លងមកធ្លាប់មានព័ត៌មានទាក់ទងទៅនឹងការធ្វើអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែ និងថាមពលបានអនុញ្ញាតច្បាប់ឱ្យពួកគាត់ធ្វើអាជីវកម្មបូមខ្សាច់ ដោយម្ចាស់អាជីវកម្មមិនបាន បងខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនីតីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ និងបានបង្កឱ្យមានការបាត់បង់នូវសួយសារជាច្រើន ធ្វើឱ្យរដ្ឋាភិបាលមានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ។
ទាក់ទងទៅនឹងហេតុផលខាងលើលោកអភិបាលខេត្តបានសម្រេចដាក់ចេញនូវវិធានការបន្ទាន់រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្មបងសាច់ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយតម្រូវឱ្យម្ចាស់អាជីវកម្មចូលបូមខ្សាច់ទៅតាមទីតាំងដែលក្រសួងរ៉ែ និងថាមពលបានកំណត់ក្នុងច្បាប់អនុញ្ញាតនឹងឈានទៅលុបបំបាត់ឱ្យអស់នូវភាពអាណាធិបតេយ្យ។
ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ចាម លោក លី ចាន់ធី បានឱ្យដឹងថា ក្នុងខេត្តកំពង់ចាមមាន ក្រុមហ៊ុន សហគ្រាសចំនួន ២២អាជ្ញាប័ណ្ណ។
លោក លី ចាន់ធី បានឱ្យដឹងទៀតថា កន្លងទៅបញ្ហាប្រឈម ពោលគឺ ម្ចាស់ក្រុមហ៊ុន សហគ្រាសបានបោះពងសម្គាល់ ដែនអាជ្ញាប័ណ្ណ រួចរាល់មុននឹងធ្វើអាជីវកម្ម ប៉ុន្តែមិនអាចថែរក្សាឱ្យនៅគង់វង្សបានដោយសារអ្នកនេសាទកាត់ចោលជាញឹកញាប់។ ម្យ៉ាងទៀតមន្ត្រីខ្វះមធ្យោបាយសម្រាប់ចុះបង្ក្រាប នៅពេលកើតមានបទល្មើស៕