(សៀមរាប)៖ ប្រជាសហគមន៍នៃសហគមន៍ចុងឃ្នៀស និងសហគមន៍កំពុងឃ្លាំងសរុបប្រមាណ២ពាន់នាក់ បានរួមគ្នាធ្វើយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាបៃតង» នៅតំបន់បឹងទន្លេសាប ភូមសាស្ត្រខេត្តសៀមរាប ដោយបានសម្អាតសំរាមដែលនៅរាយប៉ាយក្នុងទន្លេ និងច្រាំងទន្លេ។
យុទ្ធនាការនេះធ្បើឡើងចាប់ពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយលោក នាក់ ណេរុន អភិបាលរងខេត្តសៀមរាប និងលោក ហ៊ួត រិទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជំរុញការប្រឡងប្រណាំង និងមានការចូលរួមពីក្រុមការងារក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ រដ្ឋបាលស្រុក រដ្ឋបាលសង្កាត់ និងឃុំ មន្ទីរពាក់ព័ន្ធ កងកម្លាំង ប្រជាការពារ ព្រះសង្ឃ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អង្គការសម្អាតទន្លេ និងសមុទ្រ អង្គការ EVERWAVE និងអង្គការ សមាគមន៍ក្នុងវិស័យទេសចរណ៍។
លោក ហ៊ួត រិទ្ធី បានឲ្យដឹងថា នៅពេលប្រមូលសំរាមបានហើយ រថយន្តក្រុមហ៊ុនចំនួន៣នៅខេត្តសៀមរាបនឹងមកដឹកយកទៅចាក់នៅទីលានចាក់សំរាម។
លោកបានបន្តថា យុទ្ធនាការកម្ពុជាស្អាតកម្ពុជាបៃតងនេះ មិនត្រឹមតែចូលរួមដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាតប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកស្ទួយមុខមាត់តំបន់ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់កម្ពុជា។
នៅក្នុងពេលនោះដែរ ថ្នាក់ដឹកនាំនិងមន្ត្រីក៏បានអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍នៃភាពស្អាតនិងបៃតងក្នុងការរស់នៅ និងដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ១៩៕