(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានប្រជាពលរដ្ឋចំនួន ៧៥នាក់បានស្លាប់ និង៣០១នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា រយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ បើតាមរបាយការណ៍រ បស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
របាយការណ៍បញ្ជាក់ថា បើប្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ទាំង២០ថ្ងៃ ខែឧសភានេះ ទៅនឹង២០ថ្ងៃ ខែមេសាចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានការធ្លាក់ចុះ៣២ភាគរយ ដោយ២០ថ្ងៃ ខែឧសភា គ្រោះថ្នាក់ចរាចរណ៍មានចំនួន១៨៧លើក ស្លាប់មនុស្ស៧៥នាក់ របួស៣០១នាក់ ចំណែកគ្រោះថ្នាក់ចរាចរណ៍ ២០ថ្ងៃ ខែមេសា កើតឡើង២៧៧លើក ស្លាប់មនុស្ស១៣៨នាក់ របួសធ្ងន់ស្រាល ៥៣៧នាក់។
សម្រាប់មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ រួមមានបើកលឿន ៨១លើក ស្រវឹង២១លើក ប្រជែង១៩លើក មិនប្រកាន់ស្តាំ២០លើក មិនគោរពសិទ្ធិ ១៨លើក បត់គ្រោះថ្នាក់១៨លើក ងងុយដេក៥លើក និងកត្តាយានយន្ត ៥លើក ខូចខាតម៉ូតូ១៨៧គ្រឿង រថយន្តតូច៩៩គ្រឿង រថយន្តធំ២៥គ្រឿង យានយន្តផ្សេងៗ១៥គ្រឿង និងអ្នកថ្មើរជើង១២នាក់។
ដោយឡែកនៅថ្ងៃទី២០ ខែឧសភាម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចំនួន៩លើក ស្លាប់មនុស្ស២នាក់ រងរបួសធ្ងន់ស្រាល១៧នាក់៕