(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុព្រះវររាជមាតាជាតិខ្មែរ
ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់តាំងគណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) មហាសន្និបាត លើកទី២៣ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិភូពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
តាមរយៈកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News រយៈពេលជិត៣០នាទី នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ លោកស្រីបានថ្លែងថា «កិច្ចប្រជុំខាងលើនេះ អនុវត្តទៅតាមធម្មនុញ្ញរបស់សហព័ន្ធអន្តរជាតិ គឺក្នុងរយៈពេល៤ឆ្នាំម្តង សហព័ន្ធអន្តរជាតិរួមជាមួយសមាគមជាតិ ដែលជាសមាជិករបស់ខ្លួន បានប្រារព្ធធ្វើមហាសន្និបាត។ ក្នុងពេលដំណើរការនេះ បានប្រារព្ធរួចហើយនូវមហាសន្និបាតលើកទី២៣ ដែលមានការចូលរួមពីសមាគមជាតិ១៩២ ជាសមាជិករបស់សហព័ន្ធ ក្នុងនោះសមាគមជាតិ ដែលចូលរួមដោយផ្ទាល់ ប្រព្រឹត្តទៅនៅទីក្រុងសឺណេវ មានចំនួន ១៨៥សមាគម ហើយ៧សមាគមជាតិ ទៀតក្នុងនោះមានកាកបាទក្រហមកម្ពុជាផង ចូលរួមតាមប្រព័ន្ធវីដេអូ»។
លោកស្រីថ្លែងបញ្ជាក់ទៀតថា តាមការកំណត់របស់សហព័ន្ធអន្តរជាតិ ប្រតិភូជាផ្លូវការ គឺចូលរួមចំនួន៣នាក់ប៉ុណ្ណោះ សម្រាប់កាកបាទក្រហមកម្ពុជា ក្នុងនោះមានតំណាងយុវជនកាកបាទក្រហមកម្ពុជាចំនួន១នាក់ មន្ដ្រីទទួលការងារអភិវឌ្ឍស្ថាប័ន១នាក់ និងអ្នកដឹកនាំម្នាក់ លោក យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា។
លោកស្រីបានថ្លែងបន្ដថា ជាលទ្ធផលនៃមហាសន្និបាតលើកទី២៣ គឺបានពិនិត្យ និងពិភាក្សា ហើយសម្រេចបានឯកភាពគ្នា ទៅលើគោលនយោបាយចំនួន៥៖ ទី១៖ គោលនយោបាយ ស្ដីអំពីការងារស្ម័គ្រចិត្ដ, ទី២៖ គោលនយោបាយ អំពីការអភិវឌ្ឍសមាគមជាតិ, ទី៣៖ គោលនយោបាយ ស្តីពីកិច្ចប្រព័ន្ធនៃការផ្ដល់ឈាម និងទី៤៖ គោលនយោបាយអំពី ការគាំពារយេនឌ័រ និងបរិយាបន្ន និងគោលនយោបាយ ស្តីពីវិជ្ជាសង្រ្គោះបឋម។
សូមទស្សនាកិច្ចសម្ភាសលម្អិត របស់លោកស្រី ម៉ែន នារីសោភ័គ ជុំវិញលទ្ធផលនៃការចូលរួមប្រជុំមហាសន្និបាតលើកទី២៣ សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៖