(ពោធិ៍សាត់)៖ លោក ខូយ​ សុខា​ សមាជិកគណៈកម្មាធិការកណ្តាល​ គណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សខេត្ត​ និង​ជាប្រធានក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលពោធិ៍សាត់​ លោក ម៉ក់​ រ៉ា អភិបាលរងខេត្តតំណាង​ លោក​ ម៉ៅ​ ធនិន​ អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ​ សិស្សានុសិស្ស ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ យ៉ាងច្រើនកោះករ បានរៀបចំពិធីគោរពវិញ្ញណក្ខន្ធ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ នៅវត្តហង្សាបីតិ​ (ហៅវត្តព្រែកស្តី) ស្ថិតនៅភូមិ​ព្រែកស្តី​ សង្កាត់លលកស​ ក្រុងពោធិ៍សាត់់​ ខេត្តពោធិ៍សាត់​ ។

ពិធីគោរពវិញ្ញណក្ខន្ធនេះ ធ្វើឡើងដើម្បីរំលឹកគុណបំណាច់ដ៏ធំធេង ចំពោះយុទ្ធមិត្តកម្មាភិបាល យុទ្ធជន យុទ្ធនារី និង​ បងប្អូនប្រជាពលរដ្ឋ ដែលបាត់បង់អាយុជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ នៅក្នុងរបរប្រល័យពូជសាសន៍ ប៉ុល ពត​ ។

ក្នុងឱកាសរំលឹកគោរពវិញ្ញាណក្ខ័ន្ធនោះ លោក ខូយ​ សុខា​ សមាជិកគណៈកម្មាធិការកណ្តាល ​គណបក្សប្រជាជនកម្ពុជា ប្រធានគណបក្សខេត្ត​ និង​ជាប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា «ថ្ងៃទី២០ ខែឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជា នៅទូទាំងប្រទេស បានប្រារព្ធទិវារំលឹកគោរពវិញ្ញណក្ខន្ធ ដល់កម្មាភិបាល យុទ្ធជន យុទ្ធនារី និង​ ប្រជាជនកម្ពុជា ស្អូតត្រង់ទាំងអស់ ដែលបានពលីជីវិត ក្នុងសង្គ្រាមនៃប្រទេសជាតិរបស់យើង ដោយបានធ្វើការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តរហូតដល់បាត់បង់ អាយុជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ទាំងនេះគឺជាការលះបង់ប្រកប ដោយឧត្តមគតិដ៏ខ្ពង់ខ្ពស់ថ្លៃថ្លាបំផុត និងប្រជាជនស្លូតត្រង់ជាច្រើនលាននាក់ បានបាត់បង់ អាយុជីវិតក្នុងស្ថានភាពដ៏អាក្រក់បំផុត​ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត»​។

ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋដែលចូលរួម​ ក៏បានវេរប្រគេននូវទេយ្យទាន ទេយ្យវត្ថុ បច្ច័យ​ និង​ រាប់បាតប្រគេនដល់ព្រះសង្ឃ​ ៣៤អង្គផងដែរ​ ៕

\