(កំពត)៖ បន្ទាប់ពីមានការបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ថ្មើរជើងលេខ៧០ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ លោកស្រី ឧត្តមសេនីយទោ អ៊ុក ដារ៉ា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះពិនិត្យសុខភាព និងចែកថ្នាំឲ្យប្រជាពលរដ្ឋជាង៣០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងវត្ដអង្គខ្ជាយ ភូមិអង្គ
ខ្ជាយខាងត្បូង ឃុំដានគោម ស្រុកអង្គជ័យ ខេត្តកំពត ។
លោកស្រីឧត្តមសេនីយទោ អ៊ុក ដារ៉ា បានថ្លែងឲ្យដឹងថា «ដោយមានការបញ្ជាផ្ទាល់ពីលោក ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ ថ្ងៃនេះយើងខ្ញុំបានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ មន្ទីរពេទ្យសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះពិនិត្យសុខភាពប្រជាពលរដ្ឋ ដោយគិតថ្លៃជាង៣០០នាក់ ហើយក៏មានការចែកអំណោយជូនបងប្អូនជនពិការ ដើរមិនរួចនៅតាមផ្ទះជាច្រើននាក់ផងដែរ» ។
លោកស្រីឧត្ដមសេនីយទោ ថ្លែងបន្ដថា ជាទូទៅក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចុះពិនិត្យសុខភាពប្រជាពលរដ្ឋ ស្ទើរគ្រប់ទីកន្លែង តែចំពោះនៅស្រុកអង្គជ័យនេះជាលើកទីមួយ ប៉ុន្ដែក្រុមយើងនឹងបន្ដមកចុះពិនិត្យសុខភាព និងផ្ដល់អំណោយលើកក្រោយៗទៀត ឲ្យតែមានស្នើសុំពីប្រជាពលរដ្ឋ។
លោកស្រីឧត្ដមសេនីយទោបន្ថែមថា «យោងតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្ដទុកដាក់ដល់សុខទុកប្រជាពលរដ្ឋ គ្រប់ពេល ដោយបានអំពាវនាវ ក៏ដូចជាស្នើសុំឲ្យមន្ដ្រី និងថ្នាក់ដឹកនាំគ្រប់ស្ថាប័នទាំងអស់ ទាំងគ្រប់២៥ ខេត្ដក្រុង ត្រូវយកចិត្ដទុកដាក់ខ្ពស់ក្នុងការមើលថែទាំសុខភាព និងការពារដល់ប្រជាពលរដ្ឋរស់នៅដោយសុខសុវត្ថិភាព ហើយបើមានការខ្វះខាតនៅចំនុចណាមួយ ថ្នាក់ដឹកនាំនៅទីនោះ ត្រូវតែបំពេញសេចក្ដីត្រូវការ ជូនពួកគាត់ភ្លាមៗ ដូចជាកន្លងមកនេះប្រជាពលរដ្ឋប្រឈមការខ្វះទឹកយ៉ាងខ្លាំង ដូច្នេះលោក ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ ក៏បានចាត់ឲ្យនាយទាហានដឹកទឹកស្អាត និងទឹកប្រើប្រាស់ជូនពួកគាត់ភ្លាមៗផងដែរ»។
គួរបញ្ជាក់ថា កងពលតូចថ្មើរជើងលេខ៧០ ដែលមានមន្ទីរពេទ្យ មានមណ្ឌលសុខភាពក្រាំងអំពិល និងមណ្ឌលសុខភាពមួយទៀតដែលស្ថិតនៅស្រុកជុំគិរី ខេត្ដកំពត ដែលកំពុងសាងសង់ជិតរួចរាល់ជាស្ថាពរហើយ៕