(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើសារលិខិតជូនលោក ង្វៀន សួនហ្វុ៊ក ប្រធានរដ្ឋសង្គមនិយមវៀតណាម ដើម្បីសម្តែងនូវទឹកព្រះទ័យអបអរសាទរខួប៥៥ឆ្នាំនៃចំណងទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។
ក្នុងព្រះរាជសារដែល Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលកត់សម្គាល់ពីភាពរីកចម្រើននូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អ និងកិច្ចសហប្រតិបត្តិការការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលរំលេចទៀតថា ជាលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ កម្ពុជា និងវៀតណាម សម្រេចបាននូវទំហំពាណិជ្ជកម្មពីចំនួន ៤.៧ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ កើនដល់ជាង ៩.៥ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ បើទោះមានបញ្ហាប្រឈមច្រើនដោយសារជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ វិនិយោគផ្ទាល់ពីវៀតណាមនៅកម្ពុជា ត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់មួយដ៏ល្អ។ បន្ថែមពីលើនោះ ចាប់តាំងពីប្រទេសទាំងពីរត្រូវបានបើកឡើងវិញ ចំនួនទេសចរវៀតណាម កំពុងឈរលំដាប់ទី១ ក្នុងតារាងភ្ញៀវបរទេសមកកម្ពុជាផងដែរ។
ក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលរំលឹកនូវកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមករវាងកម្ពុជា និងវៀតណាម ក្នុងបុព្វហេតុរំដោះ ការបង្រួបបង្រួម ឯករាជ្យ និងការអភិវឌ្ឍជាតិ។ ព្រះអង្គ បានបង្ហាញទឹកព្រះទ័យជឿជាក់ថា ការប្រារព្ធខួប់លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ នឹងពង្រឹងបន្ថែមនូវស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕