(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានផ្ញើសារលិខិតជូនលោក លោក ង្វៀន ហ្វូ៊ចុង អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដើម្បីសម្តែងនូវទឹកព្រះទ័យអបអរសាទរខួប៥៥ឆ្នាំនៃចំណងទំនាក់ទំនងការទូតកម្ពុជា-វៀតណាម។
ក្នុងព្រះរាជសារផ្ញើជូនអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែល Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូលថា កម្ពុជា និងវៀតណាម បានរីករាយជាមួយគ្នានូវទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងកក់ក្ដៅ និងសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ អស់រយៈពេលជាងប្រាំទស្សវត្សរ៍មកនេះ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានឃើញចំណងទាក់ទងរបស់យើងបន្តរីកលូតលាស់ដែលកើតឡើងតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចជាញឹកញាប់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន៍ និងប្រជាជន»។
ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលគូសរំលេចពីការវិវឌ្ឍយ៉ាងល្អប្រសើរពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ព្រះអង្គបានមានព្រះរាជបន្ទូលថា បើទោះមានបញ្ហាប្រឈមជាសកលដោយសារជំងឺកូវីដ-១៩ក៏ដោយ ក៏កម្ពុជា និងវៀតណាម សម្រេចបានទំហំពាណិជ្ជកម្មដ៏អស្ចារ្យទ្វេដង ពីចំនួន ៤.៧ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨ កើនដល់ជាង ៩.៥ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ហើយបានពង្រីកគួរឱ្យកត់សម្គាល់នូវសកម្មភាពការវិនិយោគរបស់វៀតណាមនៅកម្ពុជា។ ចាប់តាំងពីប្រទេសទាំងពីរបានបើកឡើងវិញចំនួនទេសចរវៀតណាមកំពុងឈរលំដាប់ទី១ ក្នុងតារាងភ្ញៀវបរទេសមកកម្ពុជា ខណៈដែលពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់ ក៏បានធ្វើដំណើរទៅវៀតណាម ក្នុងគោលបំណងលំហែ ធុរកិច្ច និងការព្យាបាលផងដែរ។
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានមានព្រះរាជបន្ទូលគូសបញ្ជាក់ថា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា និងវៀតណាម នឹងធ្វើឱ្យចងចាំនូវអ្វីដែលប្រទេសទាំងពីរ បានផ្តល់ឱ្យគ្នាទៅវិញទៅមកពីអតីតកាល ក្នុងបុព្វហេតុរំដោះ ការបង្រួបបង្រួម ឯករាជ្យ និងការអភិវឌ្ឍជាតិ ហើយនឹងបន្តលើកកម្ពស់បន្ថែមទៀតនូវមនោសញ្ចេតនាសាមគ្គីភាព និងសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីភាពរីកចម្រើនរួមគ្នានៃប្រជាជាតិទាំងពីរ គ្រួសារអាស៊ាន និងពិភពលោកទាំងមូល៕