(អេហ្ស៊ីប)៖ ប្រព័ន្ធទំនាក់ទំនងដោយស្វ័យប្រវត្តិ នៅលើយន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានផ្ញើសារព្រមាន ប៉ុន្មាននាទីមុនពេលយន្តហោះធ្លាក់ ដោយបានបង្ហាញថា ប្រព័ន្ធត្រួតពិនិត្យការហោះហើរត្រូវបានកាត់ផ្ដាច់ និងមានហ៊ុយផ្សែង នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Wall Street Journal ចេញផ្សាយមុននេះបន្តិច។
ប្រភពដែលជិតស្និទ្ធនឹងការស៊ើបអង្កេត បានបង្ហោះឲ្យដឹងថា សារមួយនេះត្រូវបានផ្ញើសារដោយស្វ័យប្រវត្តិពីយន្តហោះ ដើម្បីជួយដំណឹង ប៉ុន្តែគេមិនបានដឹងថា នៅលើយន្តហោះនោះមានបញ្ហាអ្វីនោះទេ។
នៅមុននេះផងដែរថា ក្រុមសង្គ្រោះដែលមានមកពីប្រទេសបារាំង អេហ្ស៊ីប និង ក្រិក នោះបានប្រទះឃើញដានប្រេង ដែលទំនងជាធ្លាយចេញ ពីយន្តហោះអេហ្ស៊ីប និងបំណែកមួយចំនួនទៀតនៃតួយន្តហោះ នៅលើដែនទឹកសមុទ្រមេឌីទែរ៉ាណេ ដែលគេកំពុងធ្វើការរុករកនោះ។
នៅល្ងាចថ្ងៃទី២០ ខែឧសភាម្សិលមិញនេះ ក្រសួងការពារជាតិរបស់ប្រទេសក្រិច បានឲ្យដឹងថា អាជ្ញាធររបស់អេហ្ស៊ីប បានរកបំណែកនៃសាកសព និងកៅអ៊ីចំនួន២ ព្រមទាំងវ៉ាលីផងដែរ នៅក្នុងប្រតិបត្តិការស្វែងរកយន្តហោះ EgyptAir ជើងហោះហើរ Flight 804 ដែលបានធ្លាក់នៅក្នុង សមុទ្រមេឌីទែរ៉ាណេ។
គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានបាត់ពីរ៉ាដា ខណៈហោះចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយានដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ដោយផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ ហើយត្រូវបានក្រុមហ៊ុន និងរដ្ឋាភិបាលអេហ្ស៊ីបបញ្ជាក់ថា បានធ្លាក់នៅក្នុងសមុទ្រ៕