(ឥណ្ឌូនេស៊ី)៖ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដោយលោក ហ៊យ ភីរក្ស អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ រួមទាំងតំណាងក្រសួងពាណិជ្ជកម្ម តំណាងស្ថានទូតនៃកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី និងមន្ត្រីនាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយ លោក Afifi Lubis តំណាងរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធនៃខេត្តស៊ូម៉ាត្រា ភាគខាងជើង (North Sumatra) ប្រទេសឥណ្ឌូនេស៊ី ដើម្បីជំរុញកិច្ចប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំង២ឱ្យកាន់តែល្អប្រសើរឡើង។
លើកឡើងនាឱកាសនោះ លោក កាទើ មហាំម៉ាត់ណោសស្រ៊ី ក៏បាន ជម្រាបជូនអំពីវិស័យទេសចរណ៍នៅកម្ពុជា និងការបើកប្រទេសឡើងវិញបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ បានល្អប្រសើរឡើងវិញ និងបានបញ្ជាក់ពីលក្ខខណ្ឌតម្រូវចូលប្រទេសកម្ពុជា និងការផ្តល់ទិដ្ឋាកាពេលមកដល់ផងដែរ។
លោក ណោសស្រ៊ី ក៏បានជំរុញ និងពង្រឹងការអនុវត្តអនុស្សរណៈយោគយល់គ្នា(MOU)រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានាពេលកន្លងមកនៅក្នុងវេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២២ (ATF)ខេត្តព្រះសីហនុ និងបានជំរុញការតរភ្ជាប់ឡេីងវិញ ពិសេស លើជេីងហោះហេីរត្រង់ យ៉ាកាតា-ភ្នំពេញ ដោយ Garuda Airlines/Citylink Airways។
ជាមួយគ្នានោះ លោកក៏បានជំរុញលើការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា សម្រាប់ភ្ញៀវទេសចរមូស្លីម ជាមួយនឹងគំនិតផ្តួចផ្តេីមនៃការចងសម្ព័ន្ធមេត្រីភាព (Sister Provinces) រវាងខេត្ត ស៊ូម៉ាត្រា ខាងជេីង និង ខេត្តព្រះសីហនុ ផងដែរ។
លោក កាទើ មហាំម៉ាត់ណោសស្រ៊ី ក៏ការអញ្ជើញរដ្ឋបាលខេត្តស៊ូម៉ាត្រាភាគខាងជើង មកចូលរួមពិធីបុណ្យសមុទ្រនៅខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកម្ពុជា ក៏ដូចជាការផ្លាស់ប្តូរការធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់(Fam Trip) ការទាក់ទាញទេសចរ និងវិនិយោគគិនពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាផងដែរ។
ជាចុងក្រោយ ភាគីទាំងពីរក៏បានប្តេជ្ញាបន្តជំរុញផ្សព្វផ្សាយទេសចរណ៍ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងខេត្តសូម៉ាត្រាភាគខាងជើង និងកម្ពុជា ឲ្យកាន់តែល្អប្រសើរផងដែរ៕