(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ភាគីចិនតែងតែផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជា មិនតិចជាង ៥០០កន្លែងទេ សម្រាប់ការសិក្សា ក្នុងកម្រិតឧត្តមសិក្សា និងកម្រិតក្រោយឧត្តមសិក្សា នេះមិនរាប់បញ្ជូលទាំងការផ្តល់អាហារូបករណ៍ ទាក់ទងនឹងការសិក្សាភាសារយៈពេលខ្លី ឬសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លី។ ចិនក៏តែងតែបានផ្តល់នូវ អាហារូបករណ៍ទាក់ទងនឹងទស្សនកិច្ចសិក្សា ជូនដល់យុវជនកម្ពុជា ក្នុងការយល់ដឹងនិងចែករំលែក ចំណេះទាក់ទងនឹងជីវភាពរស់នៅ ឬក៏ការអភិវឌ្ឍសង្គម នៅក្នុងប្រទេសចិន ដើម្បីជាចំណេះដឹងមូលដ្ឋានមួយជូនដល់ យុវជនកម្ពុជាផងដែរ នេះបើតាមការសង្កេតផ្ទាល់របស់ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន។
លោកបណ្ឌិតបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនទៀតថា អាហារូបករណ៍ចិននេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់យុវជនកម្ពុជា ដែលមានតម្លៃមិនសម្រាប់ខ្លួនគាត់ផ្ទាល់ សម្រាប់គ្រួសារ សហគមន៍ដែលគាត់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាមានតម្លៃមហាសាលសម្រាប់ប្រទេសជាតិ។
លោកបណ្ឌិតថា នៅពេលដែលយុវជនកម្ពុជាទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន ពួកគាត់មានមោទនភាព ដែលពាំនាំនូវអត្តសញ្ញាណរបស់ជាតិ ការខិតខំប្រឹងប្រែង ដើម្បីទទួលបាននូវពុទ្ធិ និងបទពិសោធន៍នៅក្នុងប្រទេសចិន ចូលរួមការចែករំលែកជាមួយនឹងមិត្តភ័ក្ត្របរទេស ពីកិត្យានុភាពនិងឧត្តមភាពរបស់ជាតិ។ មោទនភាពមួយទៀត គឺនៅពេលដែលយុវជនកម្ពុជាបានទៅបន្តការសិក្សានៅប្រទេសចិន ហើយត្រលប់មកវិញ គឺពួកគាត់បានពាំនាំនូវចំណេះដឹង និងបទពិសោធន៍ មកចូលរួមក្នុងការអភិវឌ្ឍមាតុភូមិរបស់ខ្លួន ហើយពួកគាត់ក៏ជាស្ពានមេត្រីភាពចំណងទាក់ទង រវាងពួកគាត់ជាមួយនឹងមិត្តភ័ក្រ្តចិន និងចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិន ទេសចរចិន និងជាតិសាសន៍ផ្សេងៗទៀត ដែលបានបន្តការសិក្សានៅប្រទេសចិនដែរ ឲ្យបានយល់ដឹងពីប្រទេសកម្ពុជា ដែលជាការចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា។
លោកបណ្ឌិតក៏បានលើកទឹកចិត្តដល់យុវជនកម្ពុជា ខិតខំស្វែងរកឱកាសទៅបន្តការសិក្សានៅប្រទេសចិន ដោយតាមដាននូវ រាល់ការជូនដំណឹងរបស់ស្ថានទូនចិនប្រចាំកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែប្រកាសជូនដំណឹងអំពី ការផ្តល់អាហារូបករណ៍ចិនជូនដល់ភាគីកម្ពុជា។
«ក្នុងនាមអ្នកដែលធ្លាប់បានស្នើសុំអាហារូបករណ៍ពីប្រទេសចិន ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ខ្ញុំសូមលើកទឹកចិត្តដល់យុវជនកម្ពុជា ត្រូវខិតខំរៀនភាសាចិនជាមុនសិន និងភាសាអង់គ្លេសដែរ ដើម្បីងាយស្រួលក្នុងការសិក្សា។ ទី២ ទាក់ទងនឹងចំណេះដឹងមូលដ្ឋានផ្សេងៗ ឬក៏ចំណេះដឹងជំនាញដែលមាន ឬសមស្របទៅហ្នឹងការស្នើសុំ ដែលងាយស្រួលអាចឲ្យយើងចាប់យក នូវកាលានុវត្តភាពនៃការសិក្សាជាមួយបណ្តានិស្សិតផ្សេងៗ នៅក្នុងសកលវិទ្យាល័យដែលយើងគ្រោងនឹងទៅបន្តការសិក្សា។»
លោកបណ្ឌិតបានបន្តថា ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប ការចែករំលែកព័ត៌មានទាក់ទងនឹងអាហារូបករណ៍នេះ ក៏មានលក្ខណៈទូលំទូលាយផងដែរ ជាពិសេស អាចតាមដានបានផេកផ្លូវការរបស់ស្ថានទូតចិន ឬ ក្រសួងអប់រំ យុវជន និងកីឡា ឬបណ្តាគ្រឹះស្ថានផ្សេងៗ ដែលតែងតែផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន។
ជាមួយគ្នានេះដែរ កញ្ញា យន់ សៀវវ៉ៃ ដែលធ្លាប់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា កញ្ញាទទួលបានឱកាសអាហារូបករណ៍មុខជំនាញ៖ បរិញ្ញាបត្រជាន់ខ្ពស់ ភាសាចិនអន្តរជាតិ សកលវិទ្យាល័យគរុកោសល្យប៉េកាំង រយៈពេល២ឆ្នាំ ពីឆ្នាំ២០១៨ ដល់ ២០២០។ កញ្ញាថា បានដាក់ពាក្យទទួលអាហារូបករណ៍នេះ តាមរយៈវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយពេលនោះ កញ្ញាក៏រៀនភាសាចិននៅទីនោះដែរ។
ស្ត្រីខ្មែរដែលកំពុងប្រើប្រាស់ភាសាចិន ដើម្បីបំរើការងារនៅប្រទេសកម្ពុជា បានលើកឡើងថា កញ្ញាស្រលាញ់ចូលចិត្តភាសាចិន តាមពីដើមមក ទើបបានសម្រេចចិត្តរៀនភាសាចិន ហើយការផ្តើមចេញពីការចូលរួមវប្បធម៌ចិននេះហើយ បានកញ្ញាបានខិតខំរៀនភាសាចិន រហូតទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន។ កញ្ញាថា ឱកាសបានទៅសិក្សានៅប្រទេសចិនពិតជាមានតម្លៃ ព្រោះមិនពិបាករកការងារធ្វើ ខណៈអ្នកវិនិយោគចិននៅកម្ពុជាកាន់តែច្រើន ព្រមទាំងមានប្រាក់បៀវត្សរ៍ច្រើន។
«ប្រាកដជាឱកាសហើយ ព្រោះថា ខ្ញុំឃើញគេជ្រើសរើសបុគ្គលិកភាគចិន ភាគច្រើន គេត្រូវការអ្នកមកពីចិន ជាពិសេស ក្រុមហ៊ុនធំៗ ត្រូវការអ្នកមានសញ្ញាប័ត្រនៅចិន គឺកាន់តែល្អអញ្ចឹង ធ្វើឲ្យយើងកាន់តែមានឱកាសច្រើន ហើយទទួលបានប្រាក់ខែខ្ពស់ទៀត»។
បើតាមជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជានិងចិន កាលពីចុងឆ្នាំ២០២១ ភាគីចិនបានសន្យាថាផ្ដល់អាហារូបករណ៍ដល់កម្ពុជា សម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០ អាហារូបករណ៍។ នាដើមឆ្នាំ២០២២នេះ ក៏សង្កេតឃើញ នៅតាមក្រសួង ស្ថាប័ន និងសហគ្រាសនានា បានជូនដំណឹងពីការផ្តល់អាហារូបករណ៍សម្រាប់ យុវជន ជាសិស្ស និស្សិត និងមន្ត្រីរាជការ ជាបន្តបន្ទាប់ រួមមានទាំង ជំនាញវិជ្ជាជីវៈដែរ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)