(ភ្នំពេញ)៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក គ្រោងនឹងតែងតាំងលោក Robert William Forden ដែលជាអ្នកជំនាញលើកិច្ចការអាស៊ី មកធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា ជំនួសលោក ផាទ្រីក មូហ្វី ដែលជិតផុតអាណត្តិ។
បើទោះបីជាយ៉ាងណាការតែងតាំងលោក Robert William Forden នេះ គឺត្រូវរង់ចាំការយល់ព្រមពីសភារបស់អាមេរិកជាមុនសិន។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដូចគ្រប់ឯកអគ្គរដ្ឋទូតអាមេរិកទាំងអស់ដែរ, លោក Robert William Forden ត្រូវតែបញ្ជាក់ដោយព្រឹទ្ធសភាអាមេរិក មុនពេលក្លាយជាឯកអគ្គរដ្ឋទូតពេញសមត្ថភាពប្រចាំកម្ពុជា។ អ្នកនាំពាក្យបញ្ជាក់បន្ថែមថា លោក Patrick Murphy នឹងនៅបន្តតួនាទីជាឯកអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញ រហូតដល់មានប្រកាសតែងតាំងថ្មី។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Robert Willaim Forden ធ្លាប់ធ្វើការងារជាច្រើនទាក់ទងនឹងទ្វីបអាស៊ី។ ក្នុងនោះលោកធ្លាប់ជា អនុប្រធានបេសកកម្ម និងជាភារធារីបណ្តោះអាសន្ន នៃស្ថានទូតអាមេរិកប្រចាំនៅប្រទេសចិន។
លោកក៏ធ្លាប់ជានាយករងនៃវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់, ធ្លាប់ជាទីប្រឹក្សាសេដ្ឋកិច្ចនៃស្ថានទូតអាមេរិកនៅទីក្រុង Tel Aviv ប្រទេសអ៉ីស្រាអែល, ធ្លាប់ជាទីប្រឹក្សារងផ្នែកសេដ្ឋកិច្ចនៃស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំង និងនៅទីក្រុងវ៉ាស៊ីនតោន។
លោក Robert William Forden ក៏ធ្លាប់ជាអនុប្រធានការិយាល័យកិច្ចការចិន និងម៉ុងហ្គោលី នៅក្នុងការិយាល័យកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេស។ លើសពីនេះ លោក ក៏ធ្លាប់ជាមន្ត្រីសេដ្ឋកិច្ចនៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
បើតាមសេតវិមាន លោក Robert Willaim Forden អាចនិយាយភាសាចិន និងវៀតណាម ខណៈដែលលោកធ្លាប់កាន់ការងារនៅប្រទេសទាំងនោះ។
សូមបញ្ជាក់ថា លោក ផាទ្រីក មូហ្វី បានចូលមកកាន់តំណែងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាលពីខែសីហាឆ្នាំ២០១៩។ វត្តមានរបស់លោក ផាទ្រី មូហ្វី ត្រូវបានគេមើលឃើញថា នាំឱ្យមានទំនាក់ទំនងល្អប្រសើរច្រើនរវាងកម្ពុជា និងសហរដ្ឋអាមេរិក ចំពេលប្រទេសទាំងពីរមានទំនាក់ទំនងគម្រប់៧០ឆ្នាំ។ ក្នុងនោះសង្គ្រាមពាក្យសម្តីការទូត រវាងកម្ពុជា និងអាមេរិក ក៏មានតិចតួចបើធៀបនឹងឯកអគ្គរដ្ឋទូតពីររូបកន្លងទៅនោះ៕