(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកប្រជាពលរដ្ឋរស់នៅជាប់តាមអូរប្រឡាយទាំងអស់ ត្រូវធ្វើការវេចខ្ចប់ ទុកដាក់កាកសំណល់សំរាម ដែលបានប្រើប្រាស់ហើយឱ្យបានត្រឹមត្រូវ ចៀសវាងបោះចោលពាសវាលពាសកាល ធ្វើឱ្យទឹកហូរនាំចូលអូប្រឡាយបង្កការកកស្ទះផ្លូវទឹកហូរនាំឲ្យមានការជន់លិច។
ការក្រើនរម្លឹកនាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យសកម្មភាពការស្ដារអូរប្រឡាយនៅក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ត្រូវតែកាយស្តារប្រព័ន្ធអូរប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីបញ្ចៀសការជន់លិចដោយជំនន់ទឹកភ្លៀង នូវរដូវ វស្សាធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ ហើយទីតាំងណាដែលយើងអាចកាយស្តារបាន ត្រូវដាក់គ្រឿងចក្រចុះកាយបើកមុខទឹកឱ្យបានធំទូលាយទៅតាមនិយាមកា ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់។
លោកបានបញ្ជាក់ថា នៅពេលភ្លៀងទឹកភ្លៀងបានហូរនាំយកដីខ្សាច់ចាក់ចូលក្នុងអូប្រឡាយ ប្រសិនបើយើងមិនមានវិធានការស្តាវានោះទេ ធ្វើឱ្យចរន្តទឹកហូមិនបានលឿន បង្កជាជំនន់ទឹកភ្លៀង។ ទន្ទឹមនោះលោក បានក្រើនរំលឹក ប្រជាពលរដ្ឋ រស់នៅជាប់តាមអូរប្រឡាយទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដោយធ្វើការវេចខ្ចប់ទុកដាក់កាកសំណល់សំរាមដែលបានប្រើប្រាស់ ហើយឱ្យបានត្រឹមត្រូវចៀសវាងបោះចោលពាសវាលពាសកាល ធ្វើឱ្យទឹកហូរនាំចូលអូប្រឡាយបង្កការកកស្ទះផ្លូវទឹកហូរនាំអោយមានការជន់លិច។
តាមការឱ្យដឹងពីលោកប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយមានការណែនាំពីអភិបាលខេត្តព្រះសីហនុ ឱ្យមន្ទីរត្រូវធ្វើការស្តារអូរប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុជាប់ជាប្រចាំ ម្យ៉ាងទៀតការស្តារអូរមួយខ្សែនេះ ចាប់ពីអង្គការម្លប់តាប៉ាងរហូតដល់អាងច្រោះទឹកកខ្វក់១៦ហិកតា មានប្រវែង ១៨០០ម៉ែត្រ ដោយប្រើប្រាស់គ្រឿងចក្រចំនួន ៣គ្រឿង កាយស្តាររយៈពេល ២០ថ្ងៃ មានអាចម៍ដីប្រមាណ ១ម៉ឺនម៉ែត្រគូប ការស្តារប្រឡាយនេះលឿនបានវាអាស្រ័យដោយកត្តាអាកាសធាតុផងដែរ៕