(ភ្នំពេញ)៖ រថយន្តសង្គ្រោះបន្ទាន់ចំនួនពីរគ្រឿង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ។
ពិធីប្រគល់ធ្វើឡើងក្រោមវត្តមាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង លោកឧកញ៉ាបណ្ឌិត ជា រតនា និងលោកឧកញ៉ា សុខ វណ្ណា នៅអគ្គបញ្ជាការដ្ឋាន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់រថយន្ដនាឱកាសនេះ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ដឹកជញ្ជូនសង្រ្គោះ អ្នកជំងឺបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌របស់ លោកឧកញ៉ាបណ្ឌិត ជា រតនា ដែលកន្លងមកបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបម្រើសេវាសាធារណៈ ពិសេសផ្នែក សុខាភិបាល ដែលជាកិច្ចការសំខាន់បំផុតមិនអាចខ្វះបាន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន ថានឹងធ្វើការបែងចែករថយន្តសង្គ្រោះបន្ទាន់នេះទៅមណ្ឌលសុខភាពឃុំកំពង់ប្រាំង ០១ គ្រឿង, ឃុំពោធិ៍រៀល ០១គ្រឿង និងប្រើប្រាស់ឲ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ក្នុងឱកាសនោះ លោកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំសង្ឃឹមថារថយន្ដនេះ នឹងបានជួយដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសង្គ្រោះបន្ទាន់ជាចាំបាច់ ដើម្បីសង្គ្រោះជីវិតបានទាន់ពេលវេលា ហើយខ្ញុំនឹងបន្ដជួយ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋបន្ថែមទៀត ក្នុងការបម្រើសេវាសុខភាពនេះឱ្យកាន់តែប្រសើរ»។
សូមជម្រាបថា អំណោយជារថយន្ដសង្គ្រោះបន្ទាន់ ដែលបានប្រគល់ជូនមណ្ឌលសុខភាព កំពង់ប្រាំង ស្រុកពារាំង និងមណ្ឌលសុខភាពព្រែកអន្ទះ ស្រុកពោធិ៍រៀងខេត្តព្រៃវែង តាមរយៈអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃនេះ ជារថយន្ដសង្គ្រោះបន្ទាន់ ទី៤៧ និង៤៨ ហើយសម្រាប់រថយន្តសង្គ្រោះបន្ទាន់ទី៤៩ និង៥០ ក៏បានប្រគល់រួចរាល់ហើយដែលកាលពីពេលមកថ្មីៗនេះ ដែលប្រព្រឹត្ដទៅនៅអគ្គបញ្ជាការដ្ឋានដូចគ្នា៕