(អាមេរិក)៖ វីរុស Zika ក៏កាចសាហាវ ដែលនាំឲ្យទារកកើតមកមានក្បាលតូចខ្លាំង ខុសពីធម្មតានោះ ឥឡូវនេះបានរីករាយដាលមកដល់តំបន់អាហ្វ្រិកហើយ ដោយក្នុងនោះតំបន់ Cape Verde នៃទ្វីបអាហ្វ្រិកមានការរីករាលដាល់ដំបូងរហូតដល់ទៅ ២០០ករណីឯណោះ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មានអង់គ្លេស នាយប់ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦។
អង្គការសុខភាពពិភពលោក WHO បានចេញសេចក្តីប្រកាសខាងលើនេះ ក្រោយពីកោះមួយ របស់ប្រទេស សេណេហ្គាល់ ឈ្មោះថា Cape Verde នៃតំបន់អាហ្វ្រិកខាងលិច បានឆ្លងវីរុស Zika រាប់រយករណី ហើយក្នុងនោះស្ត្រីមានផ្ទៃពោះ ១៧០នាក់ គឺកំពុងស្ថិតនៅក្នុងចំណោមអ្នកដែល ឆ្លងវីរុសក៏កាចសាហាវនេះទាំងអស់។
ដោយឡែកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) របស់អាមេរិក បានបង្ហាញនូវរបាយការណ៍ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺស្រ្តីមានផ្ទៃពោះនៅអាមេរិកប្រមាណ ១៥៧នាក់ បានឆ្លងមេរោគ Zika ដោយតួលេខនេះបានកើនឡើងយ៉ាងឆាប់រហ័ស និងមិនមានមូលហេតុច្បាស់លាស់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ចេញផ្សាយនៅមុននេះបន្តិច។
របាយការណ៍នេះ ត្រូវបាន CDC ប្រកាសបង្ហាញជាផ្លូវការនៅថ្ងៃសុក្រនេះ ព្រោះតែតួលេខនៃអ្នកឆ្លងជំងឺ Zika បានកើនឡើងយ៉ាងឆាប់រហ័ស និងមិនមានប្រភពច្បាស់លាស់ ដោយកាលពីប៉ុន្មានខែមុន មានត្រឹមតែ៤៨នាក់សោះ ប៉ុន្តែបែរជាកើនរហូតដល់ ១៥៧នាក់។
គួរបញ្ជាក់ផងដែរថា សភាអាមេរិក បានអនុម័តច្បាប់ថវិកា ជាទឹកប្រាក់ ៦២២លានដុល្លារអាមេរិក ដើម្បីត្រួតពិនិត្យការរីករាលដាលនៃមេរោគ Zika៕