(កំពង់ស្ពឺ)៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដោយដកហូតសារធាតុញៀន ចំនួន៨៨១.១០ក្រាម។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។
មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ដឹកនាំដោយឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀ ន ដោយសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សម្របសម្រួលដោយលោកស្រី ចាតសូ រស្មី ព្រះរាជអជ្ញាសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចមុខផ្ទះជួល ផ្លូវលំ ភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលឃាត់ខ្លួនបានរួមមាន ១៖ ឈ្មោះ ហៀក តុងហេង មានទីលំនៅផ្ទះជួល ភូមិព្រៃគុយឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ សត្តឃាត និង២៖ ឈ្មោះ ណាង សុធារិទ្ធ មានទីលំនៅ ភូមិក្រពើខ្ទម សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ បន្តតាមនីតិវិធី៕