(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមការពារថែរក្សាបរិស្ថានដើម្បីសុខភាពមនុស្ស សត្វ និងរុក្ខជាតិ។
លោកបានថ្លែងនៅក្នុងពិធីអបអរសាទរបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ថែទាំភពផែនដីដើម្បីសុខភាពយើង» នៅបរិវេណវត្តហប់ ភូមិទទា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ដែលរៀបចំដោយមន្ទីរបរិស្ថានខេត្តកំពង់ធំ ក្នុងគោលបំណងលើកកំម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំង និងការបប្រួលអាកាសធាតុ ដោយមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការណ៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន បានឲ្យដឹងថា យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនឆ្នាំកន្លងមក អំពីសុខភាពភពផែនដី បានដកស្រង់ត្រួសៗ ពីផលវិបាកសំខាន់ៗនៃភាពទ្រុឌទ្រោម នៃភពផែនដី ដែលជារួមមាន៖
*ការប្រែប្រួលអាកាសធាតុ (ទឹកជំនន់, ភាពរាំងស្ងួត ការកើនឡើងនូវកំដៅ ខ្យល់ព្យុះ)
*ការបំផ្លាញស្រទាប់អូហ្សូន (O3) ដែលការពារជីវិតមនុស្សជាតិពីកាំរស្មីអ៊ុលត្រាវីយូឡេ ដែលធ្វើឱ្យមានការរលាកស្បែក និងជំងឺមហារីកជាដើម
*ការបំពុលគុណភាពទឹក ដី និងខ្យល់
*ការបាត់បង់ជីវៈចម្រុះ និងជម្រកសត្វព្រៃ ។ល។ ដែលប្រជាជាតិទាំងអស់ លើសកលលោកកំពុងពិតគួរដោះស្រាយ។
លោក ងួន រតនៈ បានលើកឡើងថា ការគ្រប់គ្រងគុណភាពបរិស្ថានសំដៅការលើកកម្ពស់សុខភាពសាធារណៈកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការបំផុសចលនា ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត គ្រឹះស្ថានសិក្សា វិស័យឯកជន សង្គមស៊ីវីល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ឱ្យចូលរួមទាំងស្មារតី និងសម្ភារៈក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងជាមួយធម្មជាតិ និងកែលម្អគុណភាព សោភ័ណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច។
លោកបានបន្តថា ការពារបរិស្ថានបាន មានតែនាំគ្នាថែរក្សាបរិស្ថានទាំងអស់គ្នា និងគោរពតាមសកម្មភាព ជំរុញការដាំដើមឈើកន្លែងណាដែលទឹកហូរច្រោះ យើងត្រូវដាំដើមឈើជារបងជារនាំង យើងអាចទុកជាទំនប់ទឹក ដែលហូរពីទីខ្ពស់ មកលើទីទួលទំនាប ប៉ុន្តែបើទឹកហូរលឿនពេកហើយវាប្រមូលកាកសំណល់ផ្សេង ជាពិសេសជីវចម្រុះតែម្តង។
លោកបានបន្តទៀតថា «យើងដឹងថាពីភពផែនដីកំពុងស្ថិតនៅក្រោមការគំរាមកំហែងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ អ្វីដែលយើងអាចធ្វើបានដើម្បីចូលរួមចំណែកក្នុងការថែទាំ និងសង្គ្រោះភពផែន ដីការបង្ហោះសារអប់រំ រូបភាព វីដេអូខ្លីៗ ដែលពាក់ព័ន្ធនឹងសកម្មភាពគាំពារបរិស្ថាន ការអភិរក្ស ធនធានធម្មជាតិ មេត្រីភាពបរិស្ថាន និងការថែទាំភពផែនដី តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានសាធារណៈ ដូចជា ហ្វេសប៊ុក តេឡេក្រាម TikTok វិទ្យុ ទូរទស្សន៍។ល។ ជម្រើសនេះនឹងជួយឱ្យមានការ ផ្លាស់ប្តូរផ្នត់គំនិត ទម្លាប់ និងការអនុវត្តរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកការការពារ ថែរក្សា និងធ្វើឱ្យ ប្រសើរឡើងនូវ បរិស្ថានភពផែនដីយើង»៕