(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា បានទទួលរួចហើយនូវលិខិតជូនដំណឹងពីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើតពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃកំណើតពិតថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦។
ជាមួយនឹងការជម្រាបសម្តេចតេជោនូវការទទួលបាននូវដំណឹងផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើតនេះ ឯកឧត្តមកិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន ព្រមទាំងមន្ត្រីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរដ៏ស្មោះស្ម័គ្របំផុតជូនចំពោះសម្តេចតេជោ។
ឯកឧត្តមកិតិ្ដនីតិកោសលបណ្ឌិត ប៊ិន ឈិន ព្រមទាំងមន្ត្រីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏សូមគោរពជូនសព្ទសាធុការពរជូនចំពោះសម្តេចតេជោ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តជាម្លប់ដល់កូនប្រុសកូនស្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ ជាពិសេសដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់ទិសទី ក៏ដូចជាការបន្តដឹកនាំប្រទេស និងប្រជាជនកម្ពុជា ឆ្ពោះទៅកាន់វិបុលសុខ ក្នុងសន្តិភាព និងមានស្ថិរភាពយូរអង្វែងតរៀងទៅ៕