(ភ្នំពេញ)៖ ឯកឧត្តមកិតិ្ដនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា បានទទួលរួចហើយនូវលិខិតជូនដំណឹងពីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើតពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ មកថ្ងៃកំណើតពិតថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦។
ជាមួយនឹងការជម្រាបសម្តេចតេជោនូវការទទួលបាននូវដំណឹងផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើតនេះ ឯកឧត្តមកិតិ្ដនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ព្រមទាំងមន្ត្រីរាជការទាំងអស់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ក៏បានគោរពជូនពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕