(រតនគិរី)៖ ព្រះរាជអាជ្ញារងខេត្តរតនគិរី លោក កែវ ភក្តី និងលោក មុត សម្បត្តិ នៅថ្ងៃទី២២ ខែមិថុនា បានដឹកនាំកម្លាំងអាវុធហត្ថ កម្លាំងនគរបាល បរិស្ថាន រដ្ឋបាលព្រៃឈើ និងមន្ត្រីសាលាខេត្តសរុប២១នាក់ ចុះរឹបអូសឈើផ្ចឹកចំនួន៣៨ដុំ ដែលក្រុមឈ្មួញគរលាក់ទុកនៅភូមិវ៉ឺនហយ ឃុំហាត់ប៉ក់ ស្រុកវ៉ើនសៃ។
លោកវរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តរតនគិរី ប្រាប់ឲ្យដឹងថា កម្លាំងដែលដឹកនាំដោយលោកព្រះរាជអាជ្ញារងទាំង២នាក់ បានចុះល្បាតក្នុងភូមិសាស្ត្រស្រុកវ៉ើនសៃ លុះដល់ចំណុចខាងលើ ក៏បានប្រទះឃើញឈើអារជ្រុងប្រភេទផ្ចឹកចំនួន៣៨ដុំ ធ្វើសន្និធិដោយគ្មានលិខិតអនុញ្ញាត។
លោកវរសេនីយ៍ទោ ឃី សុខា បានបន្តថា ដោយសារស្ថានភាពភូមិសាស្ត្រមានការលំបាក និងយប់ថែមទៀតនោះ ទើបលោកដាក់កម្លាំងប្រតិបត្តិការ៥នាក់ ដើម្បីការពារភស្តុតាង។
លុះដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច ក៏បានដឹកជញ្ជូនឈើទាំងនេះ មករក្សាទុកនៅសាលាឃុំហាត់ប៉ក់ ប៉ុន្តែចំនួនពិតប្រាកដមិនទាន់ដឹងនៅឡើយទេ ព្រោះមិនទាន់ធ្វើការវាស់វែង។
ដោយឡែកកម្លាំងនគរបាលអន្តរាគមន៍ខេត្តស្ទឹងត្រែង នៅថ្ងៃទី២២ ខែមិថុនា ក៏បានចុះរឹបអូសឈើសន្និធិខុសច្បាប់ជាច្រើនដុំ ត្រង់ចំណុចអូរដំបង ក្នុងភូមិតាឡាត ឃុំតាឡាត (ជាប់ព្រំប្រទល់ស្រុកវ៉ឺនសៃ) រួចប្រគល់ឲ្យមន្ត្រីបរិស្ថានចាត់ចែងបន្តផងដែរ៕