(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ចាប់ពីចំណុចស្ពានក្រវ៉ាត់ក្រុង រហូតទៅដល់ភូមិអារញ្ញ ប្រវែងប្រមាណ ៥គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់សៀមរាប ក្រុងសៀមរាប។
នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពគម្រោងស្តារស្ទឹងសៀមរាប ជំហានទី២ (KHM-18) ក្រោមឥណទានសម្បទានរបស់ធនាគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ ផ្តោតលើការរៀបចំស្តារស្ទឹងសៀមរាប ដើម្បីបញ្ចៀសទឹកលិចក្រុងសៀមរាប។
តាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប ការស្តារស្ទឹងជំហានទី២នេះ ជាការរៀបចំសោភណ្ឌភាពស្ទឹងសៀមរាប ឱ្យមានភាពបៃតង និងស្រស់បំព្រង ពិសេសបញ្ចៀសការលិចទឹកក្នុងក្រុងសៀមរាប ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋផង។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមចំណីស្ទឹង ត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសត្ថកិច្ច ដើម្បីឱ្យគម្រោងស្ដារស្ទឹងជំហានទី២នេះ ប្រព្រឹត្តទៅតាមផែនការដែលគ្រោងទុក៕