(កណ្ដាល)៖ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅទីរមណីយដ្ឋានភ្នំស្អាងភ្នំ ឱ្យកាន់តែច្រើនឡើង រដ្ឋបាលស្រុកស្អាងដឹកនាំដោយលោក ញឹម វណ្ណឌិន អភិបាលស្រុក បានរៀបចំកម្មវិធីកែលម្អសារជាថ្មី នៅលើទឹកដីថ្មីក្បែរជើងភ្នំ ពោលគឺរុះរើទីតាំងចាស់ មកធ្វើនៅទីតាំងថ្មីក្បែរគ្នា ដោយមានការរៀបចំសួន ទីតាំងដាំដើមឈើ មានកញ្ចុះ កន្លែងសម្រាកលំហែកាយជាដើម ដោយផ្អែកលើសោភ័ណភាព និងបរិយាកាសល្អតាមបែបធម្មជាតិ។
អភិបាលស្រុកស្អាង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ឱ្យដឹងថា នៅក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើ និងលែងកូនតី្រ នៅតំបន់រមណីយដ្ឋានភ្នំស្អាងភ្នំ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ។
លោក ញឹម វណ្ណឌិន បានបន្តថា រដ្ឋបាលស្រុកស្អាង បាននិងកំពុងរៀបចំកែប្រែនូវសោភ័ណភាព នៅជុំវិញបរិវេណរមណីយដ្ឋានភ្នំស្អាងភ្នំ ដោយបានដាំកូនឈើនៅបរិវេណស្រះមុខភ្នំស្អាង បានរៀបចំកន្លែងសម្រាប់បងប្អូន អាជីវករលក់ដូរយ៉ាងសមរម្យនៅទីនោះ មានរៀបចំកន្លែងអង្គុយលេងកម្សាន្ត តាមបែបធម្មជាតិ ហើយនាពេលខាងមុខនឹងមានការរៀបចំសួនច្បារសម្រាប់ទស្សនាកម្សាន្តផងដែរ។
លោកអភិបាលស្រុកស្អាង ក៏បានបន្ថែមទៀតថា បន្ទាប់ពីធ្វើការកែលម្អនូវសោភ័ណភាព នៅជុំវិញបរិវេណរមណីយដ្ឋានភ្នំស្អាងភ្នំនេះរួចហើយ ទីនេះនឹងទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកលេងកម្សាន្តសប្បាយ នាថ្ងៃឈប់សម្រាកដោយភាពសប្បាយរីករាយ។
នៅក្នុងពិធីដាំកូនឈើ និងលែងកូនត្រីនេះ រដ្ឋបាលស្រុកស្អាង បានដាំដើមរាំងចំនួន៥០០ដើម នៅបរិវេណស្រះទឹកមុខរមណីយដ្ឋានភ្នំស្អាងភ្នំ និងបន្តដាំដើមឈើប្រភេទផ្សេងៗទៀត ចំនួន១ម៉ឺនដើមបន្ថែមទៀត តាមការណែនាំរបស់រដ្ឋបាលខេត្តកណ្ដាល និងធ្វើការលែងកូនត្រីចូលក្នុងស្រះទឹក ចំនួន១ម៉ឺនកូនត្រីផងដែរ ។
បើតាមការបង្ហើបពីលោក ឃុត ផល្លា នាយករដ្ឋបាលស្រុកស្អាង បានថ្លែងថា ទីតាំងនេះ រដ្ឋបាលស្រុកនឹងរៀបចំឱ្យបានល្អឥតខ្ចោះ មានសណ្ដាប់ធ្នាប់ល្អបំផុត មានសុខសុវត្ថិភាព ការរៀបចំប្រកបដោយស្តង់ដា ដើម្បីលើកមុខមាត់ស្រុកឱ្យល្អឡើង ដែលនេះជាគំនិតផ្ដួចផ្ដើម និងជាស្នាដៃរបស់លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង៕