(សៀមរាប)៖ គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងគោលបំណងវាយតម្លៃ និងស្វែងយល់ពីចំណុចខ្លាំនិងចំណុចខ្សោយនៃការអនុវត្តការងារបោះឆ្នោតនាពេលកន្លងមក សម្រាប់ជាបទពិសោធដើម្បីធ្វើការកែលម្អក្នុងការបោះឆ្នោតនាពេលក្រោយៗទៀត។
ថ្លែងក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ នាថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២២ លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការៀបចំការបោះឆ្នោតខេត្តសៀមរាប បានបកស្រាយបំភ្លឺ នូវរាល់សំណួរ និងសំណូមពរជូនអង្គសន្និបាទ ហើយសំណួរ និងសំណូមពរណា ដែលមិនមាននៅក្នុងនីតិវិធីនៃការបោះឆ្នោត នឹងកត់ត្រា ដើម្បីដាក់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥ កាលពីថ្ងៃទី៥ខែមិថុនាឆ្នំ២០២២កន្លងមកថ្មីៗនេះ បានដំណើរការទៅដោយរលូន គ្មានការគំរាមកំហែង គ្មានអំពើហិង្សា និងដោយគ្មានការភ័យខ្លាចនោះឡើយ ហើយត្រូវបានមតិជាតិ និងអន្តរជាតិភាគច្រើនបានវាយតម្លៃថា បានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិសុខ និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានតម្លាភាព សេរីភាព ត្រឹមត្រូវយុត្តិធម៌ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ ការបោះឆ្នោតលើកនេះ មានភាពល្អប្រសើរច្រើនឡើងៗ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស។
លោក នឹម វ៉ាន់សំ បានគូសបញ្ជាក់ថា ការរៀបចំបោះឆ្នោតនេះទទួលបានជោគជ័យទៅបានអាស្រ័យដោយកត្តាសំខាន់ៗមានដូចជា អំពីក្របខ័ណ្ឌច្បាប់ បទបញ្ជា និងនីតិវិធី រចនាសម្ព័ន្ធគ្រប់គ្រង ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ការអប់រំអ្នកបោះឆ្នោត និងសាធារណជន ការប្រើប្រាស់វិទ្យុនិងទូរទស្សន៍របស់រដ្ឋ អំពីតម្លាភាពក្នុងការទទួលនិងបញ្ជូនទិន្នន័យ និងការដាក់ការទទួល និងដោះស្រាយពាក្យបណ្តឹង។
លោក គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត បានសម្តែងនូវការកោតសរសើរចំពោះគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភាគីពាក់ព័ន្ឋព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តនិងគោរពច្បាប់បោះឆ្នោត បទបញ្ជា និតិវិធី និងក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរដែលធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ ទទួលបានលទ្ឋផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេសក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយគ្មានការគំរាមកំហែងនិងគ្មានអំពើហិង្សានោះឡើយ។
ជាមួយនេះលោកក៏បានលើកឡើងថា នៅពេលខាងមុខនេះ នឹងរៀបចំការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ឆ្នាំ២០២៣ ហើយខេត្តសៀមរាប មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឲ្យដំណើរការនៃយន្តការទាំងនេះ ឲ្យប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌និងមានសុវត្ថិភាព។
លោកក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ឋទាំងអស់ បន្តចូលរួមនៅក្នុងកិច្ចដំណើរការនៃការបោះឆ្នោតនាពេលខាងមុខប្រកបដោយភាពស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់សំដៅលើកកម្ពស់ដំណើរការនៃលទ្ឋិប្រជាធិបតេយ្យនិងការបោះឆ្នោតនៅកម្ពុជា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ដោយឈរលើស្មារតីតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ៕