(ត្បូងឃ្មុំ)៖ សាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ បានប្រារព្ធខួបលើកទី១៥៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា» ព្រមទាំងប្រមូលបានថវិកាជាបឋម ចំនួន៣៨០០០០ដុល្លារ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តត្បូងឃ្មុំ សមាជិករដ្ឋសភា ថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាព អាជីវករ ពាណិជ្ជករយ៉ាងច្រើនកុះករផងដែរ។
លោក ជា សុផារ៉ា បានថ្លែងថា ទិវាពិភពលោកកាកបាទក្រហម ៨ឧសភាធ្វើឡើង ដើម្បីអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិ ឲ្យចូលរួមបរិច្ចាគធនធាន ហិរញ្ញវត្ថុដោយស្ម័គ្រចិត្ត ដើម្បីទ្រទ្រង់ដល់សកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងន័យលើកកម្ពស់នូវវប្បធម៌ចែករំលែក៕