(ភ្នំពេញ)៖ ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានហាមដាច់ខាតវត្តមានផលិតផលស៉ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) នៅតាមគ្រឹះស្ថានសិក្សានោះ បណ្តាគ្រឹះស្ថានអប់រំមួយចំនួននៅរាជធានីភ្នំពេញ បានប្តេជ្ញាចូលរួមទប់ស្កាត់នូវវត្តមានផលិតផលដ៏គ្រោះថ្នាក់នេះ នៅតាមគ្រឹះស្ថានអប់រំរបស់ខ្លួន។

ការហាមប្រាមយ៉ាងដាច់ណាត់របស់ក្រសួងអប់រំ បានធ្វើឡើងជាថ្មី បន្ទាប់ពីផលិតផលស៉ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ហាក់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់ទាំងនោះ គួរឲ្យព្រួយបារម្ភ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងក៏ធ្លាប់បានចេញសេចក្ដីណែនាំហាមមិនឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ ទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈយោគយល់គ្នាជាមួយឧស្សាហករថ្នាំជក់ ផ្ដល់ទីកន្លែង ឬទីធ្លាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិពណ៌ដែលជាកម្មវិធីរបស់ឧស្សាហកម្មថ្នាំជក់ និងត្រូវចូលរួមលុបបំបាត់សកម្មភាពប្រើប្រាស់ផលិតផលថ្នាំជក់តាមគ្រប់រូបភាព។ ក្រៅពីនេះ អវត្តមានគ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹងនៅក្នុងគ្រឹះស្ថានសិក្សា ជាការចូលរួមលើកកម្ពស់សុខភាពបុគ្គល, គុណភាពអប់រំ និងគុណភាពជីវិត។

លោកបន្តថា «ករណីមានបាតុភាពនៅតាមគ្រឹះស្ថានសិក្សា គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវចាត់វិធានការរដ្ឋបាល។ បើចាំបាច់អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានីដែលជាសេនាធិការរបស់ក្រសួងអប់រំ យុវជន និងកីឡា»

លោក នួន ភក្តី អគ្គនាយករង នៃសាលារៀន អាស៊ាន ហ៊ែរីថេជ បានថ្លែងថា សាលារបស់លោកបានអនុវត្តរួចជាស្រេច ចំពោះការទប់ស្កាត់គ្រឿងញៀន និងគ្រឿងស្រវឹង នៅក្នុងគ្រឹះស្ថានសិក្សាមួយនេះ។ លោកបញ្ជាក់ថា នៅខ្លោងទ្វាររបស់សាលាមានការត្រួតពិនិត្យយ៉ាងតឹងតែង ទៅលើសិស្សទាំងអស់ ហេតុនេះហើយបាតុភាពនាំគ្រឿងញៀន និងគ្រឿងស្រវឹង ពោលគឺបារីអេឡិចត្រូនិកជាដើម ត្រូវបានទប់ស្កាត់យ៉ាងល្អ។

សាលារៀន អាស៊ាន ហ៊ែរីថេជ ក៏បានបង្កើតការអប់រំនៅចុងម៉ោងសិក្សា ដោយឲ្យគ្រូទាំងអស់ណែនាំដល់សិស្ស ពីការប្រព្រឹត្តខ្លួនឲ្យបានត្រឹមត្រូវ និងធ្វើជាពលរដ្ឋល្អក្នុងសង្គម ជាសិស្សល្អនៅក្នុងសាលា និងជាកូនល្អនៅក្នុងគ្រួសារផងដែរ។ ចំពោះការប្រកាសរបស់ក្រសួងអប់រំ ហាមដាច់ខាតវត្តមានស៉ីហ្សា និងបារីអេឡិចត្រូនិកនោះ ត្រូវបានលោក នួន ភក្តី អះអាងថា សាលារបស់លោកនឹងផ្សព្វផ្សាយទៅគ្រូបង្រៀនបន្ថែមទៀត ដើម្បីជំរុញការអនុវត្តរបស់ក្រសួងឲ្យបានខ្ជាប់ខ្ជួន។

អគ្គនាយករង នៃសាលារៀន អាស៊ាន ហ៊ែរីថេជ បានបញ្ជាក់យ៉ាងដូច្នេះ «យើងណែនាំប្រាប់សិស្សបន្ថែមទៀត ហើយយើងណែនាំប្រាប់គ្រូរបស់យើង ឲ្យណែនាំសិស្សបន្ថែមនៅម៉ោងអប់រំ នាចុងម៉ោង ដើម្បីឲ្យសិស្សយល់កាន់តែច្បាស់ពីផលប៉ះពាល់»

ស្របពេលជាមួយគ្នានេះ សាលារៀនវ៉េស្ទឡាញន៍ បានមើលឃើញពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង ហើយនិយាយដោយឡែក ការប្រើប្រាស់ស៉ីហ្សា និងបារីអេឡិចត្រូនិក ដាច់ខាតមិនឲ្យកើតមាននៅក្នុងសាលានេះឡើយ។ នេះបើតាមឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប។

ឧកញ៉ា ប៉ិច បូឡែន បានបញ្ជាក់ថា «ស៉ីហ្សា និងបារីអេឡិចត្រូនិក វាបង្កផលប៉ះពាល់ច្រើនដល់យុវជនរបស់យើង។ យើងមិនដឹងថា គាត់អាចធ្វើអ្វីបន្ថែមទៀត ពេលជុំគ្នាប្រព្រឹត្ត។ ទោះបីជានៅប្រទេសគេ មានការបើកចំហរខ្លះ តែនៅប្រទេសយើងគួរតែគ្រប់គ្រងឲ្យបានដិតដល់បន្តិច ព្រោះវាបង្កផលប៉ះពាល់ច្រើន ជាពិសេសសារធាតុញៀន វាប្រៀបបានជាយើងយកមេរោគដាក់ក្នុងខ្លួនអញ្ចឹង។ គួបផ្សំនឹងការពង្វក់ បង្កើតទៅជាបក្សពួកបងធំបងតូច ដែលមានចេតនាអាក្រក់ អាចពង្វក់ក្មេងៗ ឲ្យធ្វើទៅអ្វីដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមបន្ថែម។ វាមិនត្រឹមតែប៉ះពាល់ ដល់ក្មេងដែលប្រើប្រាស់ទេ វាក៏ប៉ះពាល់ដល់សង្គមផងដែរ អញ្ចឹងហើយបានជាខ្ញុំថា គួរតែរួមគ្នាទប់ស្កាត់»

លោកឧកញ៉ាបន្តថា បើបណ្តាលឲ្យក្មេងលង់ខ្លួនប្រើប្រាស់ផលិតផលហាមឃាត់ វាមិនត្រឹមតែប្រៀបបាននឹងអនុញ្ញាតឲ្យពួកគាត់យកមេរោគដាក់ក្នុងខ្លួនទេ តែវាប្រៀបនឹងការអនុញ្ញាតឲ្យគាត់ បង្កបញ្ហាដល់សុខសណ្តាប់ធ្នាប់សង្គមផងដែរ។ នៅសាលារបស់លោក មានការពង្រឹងខ្លាំងចំពោះវត្តមានគ្រឿងញៀន និងគ្រឿងស្រវឹង ដោយសាលាពិនិត្យមើលទៅលើឥរិយាបទរបស់សិស្សតែម្តង។

ឧកញ៉ា ប៉ិច បូឡែន បញ្ជាក់ថា «សំខាន់យើងអាចកត់សម្គាល់ តាមឥរិយាបទរបស់គាត់។ យើងឲ្យគ្រូតាមមើល បើសិនជាមានការសង្ស័យ មានការប្រជុំគ្នាជួបគ្នាជាការសំខាន់ ដោយឡែកមិនទំនង យើងសុំឆែកកាបូបគាត់»

សាលារៀនវ៉េស្ទឡាញន៍ ក៏មានការផ្នែកអប់រំផងដែរ លើផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង។ បន្ថែមលើនេះ សាលាក៏មានការអប់រំណែនាំ ឲ្យសិស្សស្គាល់ពីការជ្រើសរើសផ្លូវល្អ ដើម្បីដើរក្នុងសង្គមផងដែរ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផល SISHA និង E-Cigarette ដែលហាក់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយគេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួយបារម្ភ។

អ្នកជំនាញយល់ថា SISHA និង E-Cigarette គឺជាប្រភេទគ្រឿងញៀនថ្មី ដែលបានកំពុងពង្វក់អារម្មណ៍យុវជនខ្មែរ ដែលជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេង បោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភ។

ទោះបីផលិតផល SISI និង E-Cigarette មិនមានផ្ទុកសារធាតុញៀន ដែលមានចែងក្នុងតារាងឧបសម្ព័ន្ធនៃច្បាប់ ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន ប៉ុន្តែវាមានផ្ទុកនូវសារធាតុនីកូទីនសំយោគក្នុងកម្រិតខ្ពស់ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរជាងបារី។ ជាមួយគ្នានេះ ឧបករណ៍ឥរិយាបទ និងរបៀបប្រើប្រាស់ SISHIA និង E-Cigarette មានលក្ខណៈងាយស្រួល និងមានលទ្ធភាពងាយជំរុញ និងលើកទឹកចិត្តឱ្យមានចំណង់ ប្រើប្រាស់យ៉ាងខ្លាំង ហើយអាចឈានទៅរកការ ប្រើប្រាស់ប្រភេទគ្រឿងញៀនខុសច្បាប់ផ្សេងៗទៀត ដោយលាយជាមួយនឹងផលិតផលខាងលើ ហើយដែលអាចនឹងបង្កឱ្យសមត្ថកិច្ច មានការពិបាកក្នុងការ ចាត់វិធានការ ប្រសិនបើគេធ្វើការចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជាមួយនឹងការធ្វើអាជីវកម្មផលិតផលនេះ។

ដូចគ្នានេះដែរ សាលារៀន អន្តរទ្វីប អាមេរិកាំង របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី នឹងបណ្តេញសិស្សចេញភ្លាម បើរកឃើញសិស្សណាប្រើប្រាស់ផលិតផលហាមឃាត់ទាំងនេះ នៅក្នុងបរិវេណណាមួយរបស់សាលា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានថ្លែងថា «ចំពោះស្ថាប័នរបស់ខ្ញុំ បើឃើញមានការប្រើប្រាស់ ហើយចាប់បាននឹងត្រូវបណ្តេញចេញពីការសិក្សា។ ចំពោះសិស្សចូលថ្មី គឺព្រមានម្តង។ ចំពោះសិស្សដែលរៀនយូរហើយ ដឹងច្បាប់សាលាហើយ អត់មានលើកលែងទេ បើចាប់បានគឺបញ្ឈប់តែម្តង។ ការជក់បារី ជក់ស៉ីហ្សា ឬគ្រឿងញៀន ជាដើមនោះ នៅសាលាខ្ញុំមានច្បាប់តឹងតែង»

ទោះជាយ៉ាងនេះក្តី លោកបន្តថា បើសិស្សចេញក្រៅពីសាលាទៅ គេប្រើប្រាស់ផលិតផលហាមឃាត់នោះ អាស្រ័យលើការគ្រប់គ្រងរបស់ឪពុកម្តាយ។ ប៉ុន្តែលោកសង្ឃឹមថា លោកឪពុកអ្នកម្តាយ និងអ្នកអាណាព្យាបាល នឹងចូលរួមចំណែកក្នុងការទប់ស្កាត់ការប្រើប្រាស់ផលិតផលខុសច្បាប់។

ងាកទៅថ្នាក់ឧត្តមសិក្សាវិញ ក៏បានសហការដើម្បីលើកកម្ពស់ការយល់ដឹង ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹងដែរ។ ជាក់ស្តែង ពេលផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News គឺសាកលវិទ្យាល័យឥន្ទ្រវិជ្ជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្តេជ្ញាចិត្តចូលរួមទប់ស្កាត់វត្តមាន ស៉ីហ្សា និងបារីអេឡិចត្រូនិក នៅគ្រឹះស្ថានអប់រំរបស់ទាំងនេះ ដូចការប្រកាសរបស់ក្រសួងអប់រំ។

បើតាមលោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានឲ្យដឹងថា ដើម្បីអនុវត្តតាមការប្រកាសរបស់ក្រសួងអប់រំ គឺសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ចូលរួមក្នុងការផ្សព្វផ្សាយដល់និស្សិត នៃសាកលវិទ្យាល័យទាំង ៤ទីតាំង នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តកំពត និងខេត្តបាត់ដំបង ដើម្បីឲ្យគាត់ដឹង ជាពិសេសនិស្សិតថ្នាក់បរិញ្ញាបត្រ ដែលទើបឆ្លងផុតនូវភាពយុវវ័យ គឺឲ្យគាត់យល់ពីផលវិបាកនៃការប្រើប្រាស់ផលិតផលគ្រោះថ្នាក់ទាំងនេះ។

លោកបន្ថែមថា «ក្រៅពីការផ្សព្វផ្សាយនេះ យើងក៏ហាមដាច់ខាតមិនឲ្យមានការនាំចូលទេ នៅក្នុងនោះដែរ បើយើងរកឃើញនិស្សិតណាដែលប្រើប្រាស់ យើងនឹងមានវិធានការរដ្ឋបាលរបស់សាកលវិទ្យាល័យ»

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានកោតសរសើរដល់អគ្គស្នងការនគរបាលជាតិ និងក្រសួងអប់រំ ដែលចាប់ផ្តើមរឹតបន្តឹងការប្រើប្រាស់ស៉ីហ្សា និងបារីអេឡិចត្រូនិកជាថ្មី។ ជាអ្នកអប់រំ លោកឧកញ៉ា សំណូមពរយុវវ័យកុំភ្លើតភ្លើននឹងសារធាតុញៀនទាំងនេះ ព្រោះវាមិនមានប្រយោជន៍អ្វីដល់អ្នកប្រើប្រាស់ឡើយ។

ស្របពេលជាមួយគ្នានេះ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា កន្លងមកសាកលវិទ្យាល័យរបស់លោក មិនដែលមានបញ្ហានិស្សិត ប្រើប្រាស់ផលិតផលហាមឃាត់ទាំងនេះនោះទេ។ គ្រឹះស្ថានអប់រំនេះ មានសន្តិសុខផ្ទាល់របស់សាលា និងសន្តិសុខខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលសហការការពាររក្សាសណ្តាប់ធ្នាប់សាលា ២៤ម៉ោង លើ២៤ម៉ោង។

លោកបណ្ឌិតបន្តថា «និស្សិតយើងមិនដែលមានការជក់បារី ឬសេពគ្រឿងស្រវឹងក្នុងសាលាទេ។ សូម្បីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងបារីក៏យើងមិនអនុញ្ញាតដែរ។ មានក្រុមហ៊ុនគ្រឿងស្រវឹង និងបារីខ្លះ ឧបត្ថមថវិកាដល់ការប្រកួតកីឡាផ្សេងៗដែលសហព័ន្ធទាំងនោះខ្ចីទីតាំងសាលា។ សាលាអនុញ្ញាតឲ្យប្រើប្រាស់ទីតាំង តែមិនអនុញ្ញាតឲ្យអ្នកឧបត្ថមទាំងនោះផ្សព្វផ្សាយផលិតផលខ្លួនទេ»

សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអះអាងថា សាលានេះគ្រប់គ្រងបានល្អលើរឿងបារី និងគ្រឿងស្រវឹង។ សាលា ក៏នឹងបន្តកិច្ចសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធជាបន្តទៀត ដើម្បីអនុវត្តឲ្យកាន់តែស៉ីជម្រៅ តាមការណែនាំរបស់ក្រសួងអប់រំ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលការងារបង្ក្រាបបទល្មើសគ្រឿងញៀន នៃអគ្គស្នងកាដ្ឋាននគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយសារមួយរយៈពេលចុងក្រោយ ការប្រើប្រាស់ផលិតផលទាំងនេះកើតមានឡើងវិញ ដូច្នេះអគ្គស្នងការនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយឡើងវិញនូវសេចក្តីណែនាំរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្នើឲ្យនគរបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះអប់រំណែនាំដល់ក្រុមយុវជនរបស់យើងឈប់ប្រើដោយសារមានការប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ហើយចុះណែនាំដល់ម្ចាស់អាជីវកម្មឈប់នាំចូលផលិតផលទាំងនេះ និងរហូតដល់ការបង្ក្រាបតែម្តង។

បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ការងារនេះមិនមែនតែជាការទទួលខុសត្រូវរបស់មន្ទីរប្រឆាំងគ្រឿងញៀនតែម្នាក់ឯងនោះទេ គឺជាការងាររួមរបស់សមត្ថកិច្ច និងអាជ្ញាធរតាមក្រសួងស្ថាប័ន ក៏ដូចជាអាជ្ញាធរដែនដី នៅតាមមូលដ្ឋានផងដែរ។

តាមសេចក្តីរាយការណ៍មួយចំនួន បានឲ្យដឹងថា ការប្រើប្រាស់ (ជក់) ផលិតផល SISHA និង E-Cigarette ជាពិសេសក្នុងរាជធានីភ្នំពេញ និងទីរួមខេត្តមួយចំនួន កំពុងធ្វើឱ្យមានការរំជើបរំជួលចង់សាកល្បង និងប្រើប្រាស់ពីសំណាក់យុវវ័យមួយចំនួនផងដែរ ដែលបញ្ហានេះបានបង្កឱ្យមានប្រតិកម្ម និងការសំដែងនូវមតិមិនសប្បាយចិត្តជាច្រើនពីប្រជាជនទូទៅ ពិសេសអាណាព្យាបាលយុវជនទាំងនោះ ដូច្នេះសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ នឹងរួមគ្នាបង្ក្រាបបទល្មើសមួយនេះ ដូចអ្វីដែលបានធ្វើកាលពីប៉ុន្មានឆ្នាំមុននោះ។

បើតាមអ្នកជំនាញ ការប្រើប្រាស់ស៉ីហ្សា និងបារីអេឡិចត្រូនិក គឺងាយនឹងបណ្តាលឲ្យកើតជំងឺមហារីក ហើយអ្នកដែលទទួលឥទ្ធិពលពីផ្សែងបារីនេះ ក៏មានផលដូចគ្នា។ មិនតែប៉ុណ្ណោះ អ្នកជក់ស៉ីហ្សា និងបារីអេឡិចត្រូនិក ងាយនឹងឆ្លងមេរោគផ្សេងៗផងដែរ។

សម្រាប់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញសុខភាពសាធារណៈផងដែរនោះ បានថ្លែងឲ្យដឹងថា SISHA និង E-Cigarette មិនមែនជាផលិតផលផ្តាច់បារី ដូចការលើកឡើងរបស់មហាជនមួយចំនួននោះទេ តែវាជាផលិតផលដែលធ្វើឲ្យខូចសុខភាពខ្លាំងណាស់។

លោកបន្តថា «ការប្រើប្រាស់ SISHA និង E-Cigarette មានជាតិពុលច្រើនណាស់ គឺច្រើនជាងបារីធម្មតាទៅទៀត។ បើយើងជក់បារីមួយដើមៗ មួយថ្ងៃយើងអាចជក់ត្រឹមតែតិចតួចដើម ឬត្រឹមមួយកញ្ចប់ទេ ប៉ុន្តែបើយើងជក់ SISHA និង E-Cigarette នោះវិញ ជួនកាលក្នុងពិធីជប់លៀងមួយយើងជក់វារហូត។ បើតាមការសិក្សា ការជក់ SISHA និង E-Cigarette ត្រឹមតែមួយម៉ោង ស្មើនឹងការជក់បារីធម្មតា ពី ១០០ ទៅ ២០០ដងឯណោះ មានន័យថា វាមានផលប៉ះពាល់ធ្ងន់ធ្ងរជាងការជក់បារីធម្មតាទៅទៀត»

លោកបន្ថែមថា បើនិយាយពីការទទួលជាតិពុល គឺអ្នកជក់ SISHA និង E-Cigarette ទទួលជាតិកាបូនឌីអុកស៉ីត រហូតដល់ទៅ ៩ដង និងជាតិនីកូទីនខ្ពស់រហូតដល់ទៅ ១.៧ដង នៃការជក់វាមួយដើម បើធៀបនឹងការជក់បារីធម្មតា។ ដោយសារតែការជក់ SISHA និង E-Cigarette មានជាតិនីកូទីនខ្ពស់ អញ្ចឹងហើយបានជាធ្វើឲ្យអ្នកជក់បន្តប្រើប្រាស់វារហូត មិនងាយផ្តាច់នោះដែរ។

សម្រាប់លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន បានថ្លែងដែរថា គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹង អាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតរបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធ។ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការយល់ដឹង ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹង។

លោកថ្លែងថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយដៃគូរការងារផ្សេងៗ ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ និងវិធានការមានប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់ បណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងគ្រឿងស្រវឹងផងដែរ៕