(ភ្នំពេញ)៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឱ្យប្រើប្រាស់គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន ជាផ្លូវការ ដើម្បីជំរុញដំណើរការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តិនៃបច្ចេកវិទ្យាឌីជីថល។

សិក្ខាសាលាស្តីពី ការដាក់ឱ្យប្រើប្រាស់គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន បានធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា នេះ ក្រោមអធិបតីភាពលោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីសវនករផ្ទៃក្នុង ដែលអញ្ជើញមកពីបណ្តាក្រសួង-
ស្ថាប័ន និងអង្គភាពសាធារណៈរបស់រាជរដ្ឋាភិបាលចំនួន៥៣។

សិក្ខាសាលានេះ មានគោលបំណងពង្រឹង និងពង្រីកបន្ថែមចំណេះដឹង ជូនសវនករទាក់ទងនឹងការត្រួតពិនិត្យផ្ទៃក្នុង ផ្នែកបច្ចេកវិទ្យាព័ត៌មាន (Internal Control for IT) ដើម្បីជួយឱ្យសវនករអាចធ្វើសវនកម្ម ប្រកបដោយប្រសិទ្ធភាពខ្ពស់ លើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT System) ក៏ដូចជាជួយធានាឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទាំងនោះ រឹងមាំ និងមានដំណើរការល្អ អាចសម្រេចគោលបំណង បានតាមការរំពឹងទុករបស់ក្រសួង-ស្ថាប័ន និងអង្គភាពសាធារណៈរបស់រាជរដ្ឋាភិបាល។

លោក ជា វុធណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានថ្លែងថា គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន ជាក្របខណ្ឌមួយក្នុងចំណោមក្របខ័ណ្ឌសំខាន់ៗ សម្រាប់គាំទ្រ និងពង្រឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន វិស័យសាធារណៈ ឱ្យសម្រេចបានតាមការរំពឹងទុកប្រកប ដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសកិច្ចការកែទម្រង់នានា របស់រាជរដ្ឋាភិបាល និងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។

លោកបន្តថា ឯកសារស្តីពីគោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មានថ្មីនេះ បានជំនួសឯកសារស្តីពីការគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន ចេញផ្សាយក្នុងឆ្នាំ២០១៦ និងត្រូវបានជឿជាក់ថា មានលក្ខណៈគ្រប់ជ្រុងជាង អាចឆ្លើយតបតាមតម្រូវការរបស់សវនករ រួមទាំងថ្នាក់ដឹកនាំ និងអ្នកអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅក្នុងបរិបទនៃការរីកចម្រើនលឿន របស់សេវាសាធារណៈឌីជីថល នាពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត។

លោក ស្តើង សុខុម រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកទឹកចិត្តសវនករផ្ទៃក្នុងគ្រប់រូប ខិតខំអនុវត្តការងារដោយអនុលោម តាមក្របខណ្ឌគតិយុត្ត បទដ្ឋានបច្ចេកទេសជំនាញសវនកម្មផ្ទៃក្នុង ព្រមទាំងខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីរួមចំណែកជំរុញការផ្តល់សេវាសាធារណៈ របស់ក្រសួង-ស្ថាប័ន និងអង្គភាពសាធារណៈបានកាន់តែប្រសើរឡើង។

លោកបន្តថា ការដាក់ឱ្យប្រើប្រាស់គោលការណ៍ត្រួតពិនិត្យផ្ទៃក្នុង បច្ចេកវិទ្យាព័ត៌មាន ជំនាន់ទី២ ពិតជាសារៈសំខាន់ជាគន្លឹះ អាចជួយពង្រឹងគុណភាព និងប្រសិទ្ធភាពការងារសវនកម្មបច្ចេកវិទ្យាព័ត៌មាន នៅក្នុងយុគសម័យឌីជីថលូបនីយកម្ម ប្រកបដោយជវភាព។

លោកជំរុញឱ្យក្រសួង-ស្ថាប័ន និងអង្គភាពសាធារណៈ ត្រូវពង្រឹងការកសាងសមត្ថភាពសវនកម្ម បច្ចេកវិទ្យាព័ត៌មាន និងជំរុញការប្រើប្រាស់សេវាប្រឹក្សា របស់សវនករពីដើមទីក្នុងការរៀបចំ ឬកែសម្រួលប្រព័ន្ធនីមួយៗ៕