Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលតុលាការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត ទៅថ្ងៃខែឆ្នាំកំណើតពិត ៥ សីហា ១៩៥២

23-06-2022 12:03

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែល តុលាការសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត ៤ មេសា ឆ្នាំ១៩៥១ ទៅថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់សម្តេច នាថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

សារលិខិតរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមានកិត្តិយស ទទួលនូវលិខិតរបស់សម្តេច លេខ០៧សជណ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ជូនព័ត៌មានអំពីដីកាសម្រេច លេខ៧៣៨ «ក» ដ.ម ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដែលសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែតម្រូវ ថ្ងៃ-ខែ-ឆ្នាំកំណើតរបស់សម្តេច ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃ-ខែ-ឆ្នាំកំណើតពិតប្រាកដវិញគឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦។

ក្នុងឱកាសប្រកបដោយក្តីសោមនស្សរីករាយនេះ ក្នុងនាមសមាជិក សមាជិកា ព្រឹទ្ធសភា មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ខ្ញុំសូមគោរពជូនពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងប្រជាជនកម្ពុជាឆ្ពោះទៅកាន់វិបុលភាព ក្នុងសន្តិភាព និងស្ថិរភាពយូរអង្វែង ប្រកបដោយកិត្យានុភាពខ្ពង់ខ្ពស់ក្នុងក្របខណ្ឌតំបន់ និងលើពិភពលោក។

សូម សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ អំពីយើងខ្ញុំ»។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ បានសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោ តាមការស្នើសុំរបស់លោកមេធាវី គី តិច។ ក្នុងសាលក្រមនោះ បានសម្រេចប្តូរថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៤៩៦៕