(ភ្នំពេញ)៖ ពេលមេឃធ្លាក់ភ្លៀងពេញមួយល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យមានទឹកជន់លិចនៅតំបន់ផ្សារកណ្តាល ដែលជាហេតុពិបាកក្នុងការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ។ ប៉ុន្តែទន្ទឹមនឹងការដោះស្រាយបញ្ហាមួយនេះ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន បានបញ្ជាឲ្យកម្លាំងអាជ្ញាធរសង្កាត់ ប្រធានផ្សារកណ្តាល និងក្រុមប្រជាការពារចុះទៅកាយ បារ យកសំរាមចេញពីមាត់លូ ដើម្បីបើកផ្លូវទឹកហូរលឿន។
ក្រោយកម្លាំងអាជ្ញាធរ កម្លាំងផ្សារកណ្តាល និងប្រជាការពារ រួមគ្នារំដោះសំរាមចេញពីមាត់លូនោះ បានធ្វើឲ្យទឹក បានហូរទៅយ៉ាងលឿន ពីតាមផ្លូវ ពោលមិនដូចបណ្តាឆ្នាំមុនៗនោះទេ។
លោក គួច ចំរើន បានថ្លែងកោតសរសើរទាំងអស់ដល់មន្រ្តីរបស់ខ្លួន ហើយលើកឡើងថា ក្រៅពីការជួយអន្តរាគមន៍ទាន់ពេលវេលាលើការរំដោះទឹកចេញនោះ ទាំងមន្រ្តី និងខាងគណ:កម្មការផ្សារកណ្តាល បានធ្វើការអប់រំដល់ប្រជាពលរដ្ឋ លើការទុកដាក់សំរាមបានយ៉ាងល្អ ពីព្រោះក្រោយបារ និងកាយគឺឃើញថា បានមួយថង់តែប៉ុណ្ណោះ មិនដូចឆ្នាំមុនពេលភ្លៀងធ្លាក់ មានសំរាមយ៉ាងច្រើន ត្រូវយកឡានទៅដឹកទៀតផង។
លោក ចាប ឌីណា ប្រធានផ្សារកណ្តាលបានឲ្យដឹងថា នៅពេលនេះ តំបន់ផ្សារកណ្តាលលែងមានបញ្ហាប្រឈមដូចមុនទៀតហើយ ពីការលិចទឹកនោះ ពីព្រោះយើងបានដាក់ប្រព័ន្ធលូថ្មី ហើយមានមុខកាត់ធំ ដូច្នេះទឹកដែលហូរមក គឺធ្លាក់ចូលតាមលូ យ៉ាងលឿន គួបផ្សំ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ មានការកើនឡើង លើការទុកដាក់សំរាមផងដែរ៕