(អេហ្ស៊ីប)៖ ក្រសួងការពារជាតិរបស់ប្រទេសក្រិច បានឲ្យដឹងថា អាជ្ញាធររបស់អេហ្ស៊ីប បានរកបំណែកនៃសាកសព និងកៅអ៊ីចំនួន២ ព្រមទាំងវ៉ាលីផងដែរ នៅក្នុងប្រតិបត្តិការស្វែងរកយន្តហោះ EgyptAir ជើងហោះហើរ Flight 804 ដែលបានធ្លាក់នៅក្នុងសមុទ្រមេឌីទែរ៉ាណេ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន AP ចេញផ្សាយ Update មុននេះបន្តិច។
នៅមុននេះបន្តិច អ្នកនាំពាក្យក្រុមយោធាស្វែងរកយន្តហោះអេហ្ស៊ីប ក៏បានប្រកាសឲ្យដឹងថា បានរកឃើញបំណែកយន្តហោះ EgyptAir នៅចម្ងាយ ២៩០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុង Alexindria នៅក្នុងសមុទ្រមេឌីរ៉ាណេ។ ដោយឡែកយោធាអេហ្ស៊ីប ក៏កំពុងតែព្យាយាមស្វែងរកសញ្ញារបស់ប្រអប់ខ្មៅផងដែរ ព្រោះវាជា វត្ថុសំខាន់បំផុត ដែលនឹងប្រាប់ថា មានអ្វីខ្លះដែលបានកើតឡើង និងនាំឲ្យយន្តហោះធ្លាក់។
ពាក់ព័ន្ធនឹងករណីនេះ មន្រ្តីជំនាញរបស់សហរដ្ឋអាមេរិកបានសន្និដ្ឋាន និងសង្ស័យថា យន្តហោះខាងលើនេះ ត្រូវបានដាក់បង្កៃគ្រាប់បែកឲ្យផ្ទុះនៅលើអាកាស បន្ទាប់ពីវាបានហោះចេញពីទីក្រុងប៉ារីសប្រទេសបារាំង ឆ្ពោះទៅកាន់រដ្ឋធានីគែររបស់អេហ្ស៊ីប ព្រោះប្រទេសទាំងពីរកំពុងតែប្រឈមមុខនឹងអំពើភេរវកម្ម។
គួរបញ្ជាក់ផងដែរថា យន្តហោះ EgyptAir ជើងហោះហើរ Flight 804 បានបាត់ពីរ៉ាដា ខណៈហោះចេញពីអាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង នៅម៉ោង ២៣៖០៩នាទី ទៅកាន់អាកាសយានដ្ឋាន Cairo Airport ទីក្រុងគែ ប្រទេសអេហ្ស៊ីប ដោយផ្ទុកមនុស្ស ៦៦នាក់ ក្នុងនោះមានសហនាវិក ១០នាក់ ហើយត្រូវបានក្រុមហ៊ុន និងរដ្ឋាភិបាលអេហ្ស៊ីបបញ្ជាក់ថា បានធ្លាក់នៅក្នុងសមុទ្រ៕