(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិខ្មែរទាំងអស់ អំពីការទើបកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេច មកថ្ងៃខែឆ្នាំកំណើតពិតប្រាកដ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។

ក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមទូលប្រគេន និងជម្រាបជូន សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈព្រះថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិទាំងអស់ សូមទ្រង់ជ្រាប និងជ្រាប: ផ្អែកតាមដីកាសម្រេចលេខ ៧៣៨ “ក” ដ.ម ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃ-ខែ-ឆ្នាំកំណើត របស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំត្រូវបានកែតម្រូវពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃ-ខែ-ឆ្នាំកំណើតពិតប្រាកដវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមទូលប្រគេន និងជម្រាបជូន ជនរួមជាតិជ្រាបថា តបតាមសេចក្តីអំពាវនាវរបស់ ព្រះវររាជបិតាជាតិ សម្តេចព្រះមហាវីរក្សត្រ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋនាអំឡុងឆ្នាំ១៩៧០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំបានចូលព្រៃម៉ាគី ដើម្បីតស៊ូប្រឆាំងនឹងក្រុមធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។ ក្នុងសម័យកាលសង្គ្រាមនោះ ទូលព្រះបង្គំជាខ្ញុំ បានកំណត់យកថ្ងៃដែលទូលព្រះបង្គំ ជាខ្ញុំចូលតស៊ូ ធ្វើជាថ្ងៃកំណើត គឺថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ និងបានប្រើប្រាស់នាពេលកន្លងមក។

ការកែតម្រូវនេះមានភាពចាំបាច់ ដើម្បីកំណត់យក ថ្ងៃ-ខែ-ឆ្នាំកំណើតរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំឱ្យបានត្រឹមត្រូវតាមថ្ងៃ-ខែ-ឆ្នាំកំណើតពិត គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ ២៤៩៦ និងដើម្បីជៀសវាង នូវការភាន់ច្រឡំ ពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ ព្រមទាំងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរ ថ្ងៃចម្រើនជន្មាយុរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ដល់ទៅពីរដងក្នុងមួយឆ្នាំ។

ឆ្លៀតក្នុងឱកាសដ៏បវរថ្លៃថ្លានេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមថ្វាយ ប្រគេន និងជូនពរ សម្តេចព្រះ មហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិ ទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕