(កណ្ដាល)៖ សមត្ថកិច្ចស្រុកកោះធំ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លាង បូរិន អាយុ១៦ឆ្នាំ មានទីលំនៅភូមិកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកម្មករ ពីបទរំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្ត ទៅលើជនរងគ្រោះឈ្មោះ ក.រ.ផ អាយុ១៥ឆ្នាំ មានទីលំនៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរកសិករ កាលពីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ក្នុងចម្ការស្វាយ នៅភូមិកំពង់គរ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ម្សិលមិញ ជនរងគ្រោះ បានមកការបងប្អូន ក្នុងភូមិជាមួយគ្នា។ លុះក្រោយមក ជនរងគ្រោះ បានដើរទៅផ្ទះ ដើម្បីប្ដូរសម្លៀកបំពាក់ ហើយក៏ត្រឡប់មករាំវិញ រួមជាមួយមិត្តភ័ក្ត្រម្នាក់ផងដែរ។ ពេលត្រឡប់មកដល់វិញ កូនក្រមុំ កូនកម្លោះ ក៏បានហៅជនរងគ្រោះ និងមិត្តភ័ក្ត្រ ឱ្យចូលផឹកស៊ីជាមួយគ្នា ដោយបានរួមតុជាមួយជនសង្ស័យផង។ ក្រោយពីផឹកស៊ីបានមួយសន្ទុះ ជនរងគ្រោះ បានបបួលមិត្តភ័ក្ត្រ ទៅរកទិញស្ករគ្រាប់មកហូប ហើយបបួលជនសង្ស័យទៅជាមួយគ្នា។ ពេលត្រឡប់មកពីទិញស្ករគ្រាប់វិញ ដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យ ក៏បានចាប់ឱប និងអូសដៃជនរងគ្រោះ ចូលទៅក្នុងចម្ការស្វាយ ពេលនោះឈ្មោះ ថន គីមឡេង ដែលជាមិត្តភ័ក្រ្ត បានស្ដីឱ្យជនសង្ស័យ ថាកុំឱ្យធ្វើបែបនេះ ថែមទាំងបានយករំពាត់ វាយជនសង្ស័យទៀត តែជនសង្ស័យពុំព្រមបញ្ឈប់ទេ និងបានចាប់ជនរងគ្រោះ ចូលទៅក្នុងចម្ការស្វាយបន្តទៀត ឃើញបែបនោះ ឈ្មោះ ថន គីមឡេង ក៏បានដើរត្រឡប់មកផ្ទះការមុន។ ចំណែកជនសង្ស័យ ក៏បានរំលោភជនរងគ្រោះ រហូតបានសម្រេច។
សមត្ថកិច្ចបានបន្តថា លុះដល់ម៉ោង១០៖៣០នាទី យប់ថ្ងៃដដែល សមត្ថកិច្ចប៉ុស្ដិ៍ពោធិ៍បាន បានទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះ ហើយបានទៅដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យ បានរត់គេចខ្លួនបាត់ រហូតដល់រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចនគរបាលស្រុកកោះធំ បានស្រាវជ្រាវស្វែង និងឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើបាន និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់៕