(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានមជ្ឈមណ្ឌលឥស្លាមភ្នំពេញ និងជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីម អាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) នៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC)។
នៅក្នុងជំនួបនេះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានជម្រាបជូនអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) ថា មជ្ឈមណ្ឌលឥស្លាមភ្នំពេញនេះ ជាភស្តុតាងមិនអាចកាត់ថ្លៃបានមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ឲ្យសហគមន៍មុស្លិមកម្ពុជា គ្រប់គ្រង និងអភិវឌ្ឍន៍សម្រាប់បម្រើផលប្រយោជន៍សហគមន៍ឥស្លាមទាំងមូលនៅក្នុងប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្ដ្រីបន្ថែមថា នៅមុនឆ្នាំ ១៩៧៩ ដោយសារតែសង្គ្រាម តំបន់នេះមិនមានការអភិវឌ្ឍន៍នោះទេ ហេីយថែមទាំងបានក្លាយជាបន្ទាយទាហានទៀតផង ។ ប៉ុន្ដែនៅក្រោយឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជាបានប្រគល់តំបន់នេះជូនសហគមន៍ឥស្លាមដើម្បីគ្រប់គ្រង ក៏ដូចជាសម្រាប់បម្រើវិស័យសង្គមកិច្ច សាសនា អប់រំ និងវិស័យផ្សេងៗទៀត។
លោកទេសរដ្ឋមន្ដ្រីបានបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សម្ដេចតែងតែ យកចិត្តទុកដាក់ខ្ពស់ ចំពោះសាសនិកឥស្លាម នៅកម្ពុជា តាមរយៈ ការធ្វើឲ្យមាន សុខដុមនីយកម្ម ជាតិ សាសន៍ និងសាសនា និងសេរីភាព នៃជំនឿ ព្រមទាំងការរស់នៅ ប្រកបដោយ សុខដុមរមនា ជាមួយ សហគមន៍ ភាគតិចដទៃៗទៀត ដោយមិនមានការរើសអើងឡើយ ។
ជាការឆ្លើយតប អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម លោកបណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) បានសំដែងនូវសេចក្ដីរីករាយឥតឧប្បមា ដែលក្នុងពេលបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដែលលោកត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតពីឥស្សរជនជាន់ខ្ពស់នៅកម្ពុជា។ លោកអគ្គលេខាបានបន្ថែមថា លោកពិតជាមានសេចក្ដីរំភើបនៅពេលបានដឹង និងបានឃើញទីតាំងដ៏ស្អាត គឺមជ្ឍមណ្ឌលឥស្លាមភ្នំពេញ ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រគល់ជូនសហគមន៍ឥសម្លាមនៅកម្ពុជា។
លោកបានបន្ដថា លោកក៏មានក្ដីសប្បាយរីករាយផងដែរ នៅពេលឃើញស្ថានភាពខ្មែរឥស្លាមនៅកម្ពុជា ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរដ្ឋាភិបាលកម្ពុជា ដោយមិនមានការរើសអើងខាងសាសនា ដែលធ្វើឲ្យខ្មែរឥស្លាមអាចរស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនាដទៃទៀត។
លោកបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវការអបអរសាទរដល់ខ្មែរឥស្លាមកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ក្រោយពីបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលឥស្លាមភ្នំពេញ លោក ក៏មានជំនួបពិភាក្សាការងារជាមួយ លោកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនិកឥស្លាមកម្ពុជា។ ក្រៅពីនេះ លោកអគ្គលេខាធិការ និងគណៈប្រតិភូ នឹងអញ្ជើញធ្វើទស្សនកិច្ចនៅវិមានឈ្នះឈ្នះ សារមន្ទីរជាតិ តំបន់សហគមន៍ខ្មែរឥស្លាម ព្រមទាំងមានកម្មវិធីផ្សេងៗជាច្រើន។
សូមជម្រាបជូនថា លោក បណ្ឌិត មហាំម៉ាត់ អាប់ឌុលការីមអាល់អ៉ីសា (Muhammad Bin Abdulkarim Al-Issa) ជាអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម (RABITA) និងជាអតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសអារ៉ាប៊ីសាអូឌីត បច្ចុប្បន្នជាទីប្រឹក្សាព្រះបរមរាជវាំងអារ៉ាប៊ីសាអូឌីត មានឋានៈស្មើរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ២៥ ខែមិថុនា ឆ្នាំ២០២២។
អង្គការសម្ព័ន្ធពិភពឥស្លាម RABITA ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន៩៥ប្រទេស៕