(ភ្នំពេញ)៖ ដើម្បីចូលរួមការបន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានដាក់ផែនការទស្សវត្ស៍ជាតិដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ៥០% រយៈពេល១០បន្តទៀត (២០២១-២០៣០)។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណៈកម្មការធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងក្នុងសិក្ខាពីការប្រមូលធាតុចូលសម្រាប់ផែនការទស្សវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) ឆ្នាំ២០២១ -២០៣០ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការថា ក្នុងរយៈពេ ល១០ឆ្នាំ នៃទសវត្សរ៍ឆ្នាំ២០១១-២០២០ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងយ៉ាងច្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំៗទៅមួយឆ្នាំ។
លោកស្រីបានបញ្ជាក់ថា៖ «យើងពិតជាបានដឹងហើយថា គ្រោះថ្នាក់ចរាចរណ៍ដែល មានសភាពធ្ងន់ធ្ងរ បណ្ដាលឱ្យបាត់បង់ ជីវិតមនុស្ស របួសពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើនលើសង្គមកម្ពុជា និងសង្គមជាតិ នានាទូទាំងពិភពលោក»។
លោកស្រីបានលើកឡើងថា ដោយសារឃើញករណីគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះហើយទើបអង្គការសហប្រជាជាតិបានផ្តល់អនុសាសន៍ឱ្យគ្រប់ប្រទេសជាសមាជិកដាក់ចេញនូវផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍លើកទី១ រយៈពេល១០ឆ្នាំ ពីឆ្នាំ២០១១-២០២០ ដោយតម្រូវឱ្យខិតខំកាត់បន្ថយយ៉ាងណាឱ្យបាន៥០% នៃចំនួនប៉ាន់ស្មាន ដែលក្នុងប្រទេសយើងគឺមានប្រមាណ៧៧៥០នាក់ ក្នុងចំនួនប៉ាន់ស្មានរួម ១៤៧០០នាក់។ ប៉ុន្តែយើងកាត់បន្ថយបានតែជាង ៤៧១០នាក់ ស្មើនឹង៦៤%នៃ៥០% ប៉ុន្តែបើធៀបនឹងចំនួនសរុបរួម គឺបានតែ៣១% តែប៉ុណ្ណោះ។
លោកស្រីបានលើកឡើងថា គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានព្រាងនូវផែនការទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកបន្ទាប់គឺ២០២១-២០៣០ ដើម្បីកាត់បន្ថយអ្នកស្លាប់ក្នុងគម្រោងឱ្យបាន ៥០%ទៀត។ លោកបានលើកឡើងថា ផែនការទស្សវត្សរ៍នេះផ្នែកតាមវិធានការនានាដែល មានការឯកភាព ក្នុងកិច្ចប្រជុំសកលនៃរដ្ឋមន្ត្រីទទួលបន្ទុកសុវត្ថិភាពចរាចរណ៍លើកទី៣ នៅប្រទេសស៊ុយអែត កាលពីចុងឆ្នាំ២០២០ និងការប្រកាសរបស់អង្គការសហប្រជាតិតំបន់អាស៊ីប៉ាស៊ីហ្វិក កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
លោកស្រីថា សិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដើម្បី បង្ហាញពីផែនការសកម្មភាពបន្ត ដោយផ្អែកលើលទ្ធផលផែនការសកម្មភាព និងការងារសម្រេចបាននៃផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករយៈពេល ១០ឆ្នាំមុន (២០១១-២០២០) និងដាក់ជូនឆ្លងកិច្ចពិភាក្សា និងប្រមូលធាតុចូលពីស្ថាប័នជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធ លើសេចក្ដីពង្រឹងផែនការទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្មី រយៈពេល ១០ឆ្នាំបន្ត (២០២១-២០៣០) ដើម្បីបង្កើនប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយទុក្ខសោក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាតិផង ដែរ៕