(កេនយ៉ា)៖ លោកស្រី ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការ និងជាជនបង្គោលបម្រុងនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ (UNCBD) បានដឹកនាំប្រតិភូកម្ពុជា មកពីក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកទី៤ ស្តីពីក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (WG2020-4)
កិច្ចប្រជុំនេះ រៀបចំឡើងដោយលេខាធិការដ្ឋាននៃអនុសញ្ញា UNCBD និងមានការចូលរួមពីប្រទេសជារដ្ឋភាគី ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល ក្រុមយុវជន ស្រ្តី និងអ្នកពាក់ព័ន្ធសរុបប្រមាណជាង៣០០០នាក់ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងក្របខណ្ឌការងារជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (Post-2020 GBF) និងការរៀបចំយន្តការ និងការប្រើប្រាស់ Digital Sequence Information (DSI) នៃធនធានពន្ធុ មុននឹងដាក់ជូនសន្និសីទកំពូលលើកទី១៥ (UNCBD COP-15) ដើម្បីពិនិត្យ និងអនុម័តនាពេលខាងមុខ។
កិច្ចប្រជុំនេះ នឹងបន្តប្រព្រឹត្តទៅរយៈពេល១សប្តាហ៍ (ចាប់ពីថ្ងៃទី២១ ដល់ ២៦ ខែមិថុនា ឆ្នាំ២០២២) ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើឯកសារនៃសេចក្តីព្រាងរបៀបវារៈដូចខាងក្រោម៖
១៖ របាយការណ៍នៃកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាលើកទី២៤ (SBSTA-24) និងក្រុមប្រឹក្សាផ្តល់យោបល់ផ្នែកប្រតិបត្តិលើលទី៣ (SBI-3) កាលពីថ្ងៃទី១៣-២៩ ខែមីនា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
២៖ បច្ចុប្បន្នភាពនៃសេចក្តីព្រាង Post-2020 GBF ផ្អែកតាមកិច្ចពិភាក្សា និងលទ្ធផលនៃកិច្ចប្រជុំ WG2020-3 រួមទាំងមតិយោបល់ពី SBI-3, SBSTTA-24 និងកិច្ចប្រជុំពាក់ព័ន្ធនាពេលកន្លងមក។
៣៖ ដំណោះស្រាយពាក់ព័ន្ធនឹងការប្រមូល និងការបែងចែកផលប្រយោជន៍ (ABS) ពីការប្រើប្រាស់ Digital Sequence Information (DSI) នៃធនធានពន្ធុ៕