(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាល ជាសកលនៃក្រុមហ៊ុន Walmart ធ្វើឡើងតាមរយៈប្រព័ន្ធអនទ្បាញ ក្នុងគោលបំណងដែល Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជាថែមទៀត។
នៅក្នុងជំនួបនេះ លោក អ៉ិត សំហេង ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាពនិងសុវត្ថិភាពការងារ, ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សានូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ, ផ្តល់កិច្ចគាំពារសង្គមដល់កម្មករនិយោជិត និងការពារពលករទេសន្តរប្រវេសន៍ខ្មែរនៅបរទេស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ច្បាប់ និងបទប្បញ្ញត្តិជាតិជាធរមាន និងអនុសញ្ញាអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ពាក់ព័ន្ធនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញ និងផ្តល់អាទិភាពជូនកម្មករនិយោជិតរួមទំាងកម្មករនិយោជិតជនបរទេសតាមរោងចក្រ សហគ្រាស ក្នុងការទទួលបាននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងដោយឥតគិតថ្លៃ ទាំងដូសមូលដ្ឋាន និងដូសជម្រុញដោយគ្មានការរើសអើង។
ក្នុងនោះផងដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន១០ជុំ រួចមកហើយ ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការធានាបាននូវ ប្រក្រតីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិតកម្ម វិនិយោគ ការងារ និងមុខរបរ ជីវភាពរស់នៅរបស់កម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ។
លោកស្រី អានប៊ីញ ផាន បានកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់លើលក្ខខណ្ឌការងារបានប្រសើរ ជាពិសេសគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អ ចំពោះការឆ្លងរាលដាលនៃកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តរភាពចង្វាក់ផលិតកម្ម និងការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស។
គួរបញ្ជាក់ដែរថា Walmart ជាក្រុមហ៊ុនលក់រាយធំជាងគេបំផុតលើពិភពលោក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦២។ មានទីស្នាក់ការកណ្តាលនៅរដ្ឋអាកានសាស់ សហរដ្ឋអាមេរិកមានបុគ្គិល២.៣លាននាក់ និងកំពុងធ្វើ ប្រតិបត្តិការ នៅក្នុង២៤ប្រទេស។ Walmart គឺជាក្រុមហ៊ុនឈានមុខគេក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងផលិតផលកម្សាន្តតាមរដូវកាល។ នាពេលអនាគត Walmart គ្រោងនាំចេញពីប្រទេសកម្ពុជានូវ ផ្លែឈើ ផលិតផលចំណីអាហារ គ្រឿងអេឡិចត្រូនិច និងសង្ហារឹម គឺពេលដែលផលិតផលទាំងនេះត្រូវតាមស្តង់ដាអន្តរជាតិ៕