(តាកែវ)៖ ដើម្បីបង្កើនប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ និងបង្រ្កាបអំពើរត់ពន្ធទំនិញគេចពន្ធខុសច្បាប់នានា តាមច្រកទ្វាមួយចំនួន នៅតាមបណ្ដោយព្រំដែនខេត្តតាកែវ និងខេត្តពីររបស់វៀតណាម ស្របតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ អភិបាលខេត្តតាកែវ បានចេញសេចក្ដីសម្រេចមួយ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ ដោយបានចេញសេចក្ដីសម្រេចមួយស្ដីពី «ការបង្កើតគណៈកម្មការចម្រុះ ថ្នាក់ខេត្តទប់ស្កាត់ និងបង្រ្កាបអំពើរត់ពន្ធ»។
យោងតាមសេចក្ដីសម្រេច របស់សាលាខេត្តតាកែវ ដែលអង្គភាព Fresh News បានទទួលនៅថ្ងៃនេះបានបញ្ជាក់ថា គណៈកម្មការចម្រុះថ្នាក់ខេត្តទប់ស្កាត់ និងបង្រ្កាបអំពើរត់ពន្ធ ត្រូវដឹកនាំដោយលោក ឡាយ វណ្ណៈ ជាអភិបាលខេត្តជាប្រធាន លោក កែវ វ៉ាន្នី ប្រធានសាខាគយ និងរដ្ឋាករខេត្ត ជាអនុប្រធានអចិន្ត្រៃយ៏ ព្រមទាំងលោកស្នងការ លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការតំបន់ប្របត្តិការសិករងខេត្ត លោកអភិបាលក្រុងស្រុកទាំង១០ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
បើយោងតាមសេចក្ដីសម្រេចខាងលើ គណៈកម្មការចម្រុះនេះ មានតួនាទីចាត់វិធានការណ៍ស្រាវជ្រាវ ទប់ស្កាត់ និងដឹកនាំការបង្រ្កាបអំពើរត់គេចពន្ធ ទំនិញគ្រប់ប្រភេទ ដែលមានទ្រង់ទ្រាយមធ្យម តាមមូលដ្ឋានក្នុងភូមិសាស្រ្តខេត្តតាកែវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធមាន។
គណៈកម្មការនេះត្រូវប្រជុំបូកសរុប និងវាយតម្លៃចំណុចខ្លាំង ចំនុចខ្សោយនានា ត្រូវរាយការណ៍អំពីលទ្ធផលការងារជូន គណៈកម្មាធិការអន្តរក្រសួង ដោយចម្លងជូនក្រសួងសេដ្ឋកិច្ច និងទីស្ដីការគណៈរដ្ឋមន្រ្តី ម្យ៉ាងទៀតគណៈកម្មការចម្រុះនេះ ក៏មានសិទ្ធិប្រើប្រាស់កងកំលាំងប្រដាប់អាវុធ របស់ខេត្តព្រមទាំងមានសិទ្ធិ ប្រើប្រាស់ត្រារបស់រដ្ឋបាលខេត្តថែមទៀតផង។
យោងតាមមន្រ្តីសាលាខេត្តតាកែវបានថ្លែងឲ្យដឹងថា សកម្មភាពទប់ស្កាត់ទំនិញគេចពន្ធនេះ អាជ្ញាធខេត្តតាកែវ កន្លងមកបានធ្វើអនុវត្តន៍ យ៉ាងតឹងរឹងស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីវិធានការណ៍បង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្រ្កាបអំពើរត់ពន្ធ ហើយការចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ របស់ខេត្តនៅពេលនេះ គឺដើម្បីពង្រឹងការងារទប់ស្កាត់ អំពើរត់គេចពន្ធឲ្យកាន់តែមានប្រសិទ្ធទ្វេឡើង។
បន្ទាប់ពីការបង្កើតគណៈកម្មាធិការចម្រុះ របស់ខេត្តនេះរួចមក លោកអភិបាលខេត្តតាកែវ ឡាយ វណ្ណៈ និងចុះដឹកនាំកំលាំងដោយផ្ទាល់ ដើម្បីទប់ស្កាត់ទំនិញគេចពន្ធ ដែលចូលតាមច្រករបៀង និងតាមច្រកទ្វាអន្តរជាតិភ្នំដិនជាដើម៕