(កំពង់ធំ)៖ លោក សុខ ឧត្តម ចៅក្រមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសាលក្រមសម្រេចឲ្យបេក្ខជនមេឃុំចំណាលើ ស្រុកស្ទោង មកពីគណបក្សភ្លើងទៀន នៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនាម្សិលមិញ ពាក់ព័ន្ធបទល្មើសប្លន់ កាលពី២០ឆ្នាំមុន។
ក្នុងសាលក្រមដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ថា «មិនឃុំខ្លួនជាបណ្តោះអាសន្នលើជនជាប់ចោទឈ្មោះ ឌុក សារ៉ុម ហៅ ញឹម សារ៉ុម ហៅ ឌុប វ៉ាន់ ហៅ ឌុប រ៉ុម ភេទប្រុស កើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៧០ សញ្ជាតិខ្មែរ (សវតាជាតិខាងលើ) ពីបទអំពើប្លន់ ប្រព្រឹត្តនៅភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២ តាមមាត្រា៦ នៃ ច្បាប់ស្តីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ចំពោះមុខជនជាប់ចោទទុកសិទ្ធិប្តឹងឧទ្ធរណ៍ក្នុងកំណត់ច្បាប់»។
ជាមួយគ្នានេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក៏បានចេញសេចក្ដីថ្លែងការណ៍មួយទៀតផងដែរ ពាក់ព័ន្ធនីតិវិធីនៃសវនាការ និងការចាប់ខ្លួនលោក ញឹម សារ៉ុម ដែលជាមេឃុំទើបជាប់ឆ្នោត តាមដីកាបង្គាប់ឲ្យ ចាប់ខ្លួនលេខ ១៣៣ ដ.ច/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់សាលាដំបូងខេត្តកំពង់ធំ ពីបទ «ប្លន់»។
អយ្យការអមសាលាដំបូងខេត្តកំពង់ធំ សូមធ្វើការជម្រាបជូនសាធារណជននូវនីតិវិធីក្នុងការអនុវត្តផ្លូវច្បាប់ពាក់ព័ន្ធលើ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ដូចខាងក្រោម៖
*ទី១៖ ឈោ្មះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ប្លន់» និង ផ្តន្ទាទោសតាមរយៈសាលក្រមកំបាំងមុខ លេខ ០៧ «ង» ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តកំពង់ធំ ដោយដាក់ពន្ធនាគារកំណត់ ០៥ (ប្រាំ) ឆ្នាំ ពីបទ «ប្លន់» និងបានសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលើ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ខណៈដែលឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ អវត្តមាននៅគ្រប់ដំណាក់កាលនៃ
កិច្ចនីតិវិធីរបស់តុលាការនាពេលមក។
*ទី២៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៣៣ ដ.ច/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់សាលាដំបូងខេត្តកំពង់ធំ លើឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ និង ត្រូវបានយកមកបង្ហាញខ្លួននៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីធ្វើការជូនដំណឹងអំពីសាលក្រមកំបាំងមុខ លេខ ០៧ «ង» ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តកំពង់ធំ ស្របតាមនីតិវិធីច្បាប់។
*ទី៣៖ នៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ បានធ្វើការសុំប្តឹងទាស់នឹងសាលក្រមកំបាំងមុខ លេខ ០៧ «ង» ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តកំពង់ធំ និង ស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន។
*ទី៤៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងខេត្តកំពង់ធំ បានបើកសវនាការជាសាធារណៈដើម្បីជំនុំជម្រះ មុនអង្គសេចក្តីលើការស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្នរបស់ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ហើយសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឲ្យឈ្មោះ ញឹម សារ៉ុម ហៅ ឌុប សារ៉ុម ហៅ ឌុប រ៉ុម នៅក្រៅឃុំជាបណ្ដោះអាសន្ន៕