(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលាពុទ្ធិកៈបឋមសិក្សាវត្ត ព្រែកស្ដី ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកសាស្ត្រាចារ្យ គង់ សន្យា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំព្រែកស្ដី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំព្រែកស្ដី ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក ក្រុមប្រឹក្សាឃុំព្រែកស្ដី និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៧១១នាក់។
ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ប្រជាពលរដ្ឋនៅឃុំព្រែកស្ដី ក៏ដូចជាប្រជាពលរដ្ឋនៅស្រុកកោះធំទាំងមូល ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ជាលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំនៅទូទាំងស្រុកកោះធំ គណបក្សប្រជាជនកម្ពុជាបានទទួលតំណែងជាមេឃុំចំនួន ១១ឃុំ ជំទប់ឃុំ ក្រុមប្រឹក្សាឃុំសរុបទាំងអស់ ៧៥អាសនៈលើ ១០៥អាសនៈនៅស្រុកកោះធំទាំងមូល។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសមិទ្ធផលដែលសម្រេចទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធិចក្រ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាពនយោបាយ និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាបានជួបជុំគ្នាកសាងសមិទ្ធផលនានាដូចជា៖ ពុទ្ធិកៈបឋមសិក្សាបឋមសិក្សានាពេលនេះ និងសមិទ្ធផលនានានៅវត្តព្រែកស្ដី ព្រមទាំងផ្តល់ឱកាសឱ្យយើងបានកសាងផ្លូវ ស្ពាន សាលារៀន មន្ទីពេទ្យ វត្តអារាម នៅទូទាំងប្រទេសផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា នៅទូទាំងប្រទេសកម្ពុជាមានការរីកចម្រើនច្រើនក្នុងនោះរួមមានផ្លូវបេតុង ផ្លូវកៅស៊ូខ្វាត់ខ្វែងតភ្ជាប់ពីរាជធានីភ្នំពេញទៅទីរួមខេត្ត ពីទីរួមខេត្តមួយទៅទីរួមខេត្តមួយ ព្រលានយន្តហោះ កំពុងសាងសង់ កំពង់ផែស្វ័យតភ្នំពេញ និងកំពង់ផែស្វ័យតក្រុងព្រះសីហនុ ត្រូវបានពង្រីក និងផ្លូវរថភ្លើង ត្រូវបានស្ដារឡើងវិញជាដើម។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានរំលឹកជាថ្មីម្តងទៀតអំពីសមិទ្ធផលសម្រេចបានសំខាន់ៗនៅស្រុកកោះធំដែលរួមមាន៖ ស្ពានកោះធំឆ្លងទន្លេបាសាក់ ផ្លូវជាតិលេខ២១ ផ្លូវលេខ១១០ រួមទាំងផ្លូវបេតុងខ្វាត់ខ្វែងនៅតាមបណ្តាឃុំនានាទូទៅទាំងស្រុកកោះធំ បង្គោលភ្លើងបំភ្លឺផ្លូវសូឡា ១៤០០ដើម និងគ្រោងបំពាក់បន្ថែមចំនួន ១៤០០ដើមទៀត ដើម្បីបំភ្លឺផ្លូវនៅតាមភូមិឃុំក្នុងស្រុកកោះធំ។
ក្នុងនាមជាប្រធានក្រុមការងារចុះជួយស្រុកកោះធំមកពីគណបក្សប្រជាជនកម្ពុជា លោក ស៊ុន ចាន់ថុល បានបញ្ជាក់ជូនប្រជាបលរដ្ឋថា «អ្វីដែលក្រុមការងាររបស់គណបក្សប្រជាជនហ៊ានសន្យា ហ៊ានធ្វើ មិនរង់ចាំយូរឡើយ»៕