(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃកំណើតពិតប្រាកដ ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ ត្រូវនឹងថ្ងៃអង្គារ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ នេះបើតាមដីកាសម្រេចរបស់តុលាការ ដែលបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
តាមរយៈដីកាសម្រេចរបស់ខ្លួន សាលាដំបូងរាជធានីភ្នំពេញ ក៏បានបង្គាប់ឲ្យមន្ដ្រីអត្រានុកូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនានា ធ្វើការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន និងឯកសារពាក់ព័ន្ធស្របតាមខ្លឹមសារ ដូចដែលបានបញ្ជាក់នៅចំណុចខាងលើ។
សូមរំលឹកថា លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ បានដាក់ពាក្យសុំឲ្យប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ មកថ្ងៃខែឆ្នាំពិតប្រាដកវិញ គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។
លោកមេធាវីបានបញ្ជាក់ពីមូលហេតុ នៃការសុំកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់សម្តេចតេជោថា ដោយសារបច្ចុប្បន្ននៅក្នុងឯកសារអត្រានុកូលដ្ឋាន និងឯកសារសម្គាល់អត្តសញ្ញាណនានារបស់សម្តេចតេជោ ហ៊ុន សែន ពុំបានកំណត់អំពីកាលបរិច្ឆេទកំណើតពិតប្រាកដរបស់ សម្ដេចតេជោនោះទេ។ ការណ៍នេះ បាននាំឲ្យមានការភាន់ច្រឡំ ជាអាទិ៍ ពីឥស្សរជនជាតិ និងអន្តរជាតិ ប្រជាពលរដ្ឋ និងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរ ថ្ងៃចម្រើនជន្មាយុរបស់សម្ដេចតេជោ ដល់ទៅពីរដងក្នុងមួយឆ្នាំ។ តាមការបញ្ជាក់របស់ សម្ដេចតេជោថ្ងៃកំណើតពិត គឺថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៥២។
លោកបញ្ជាក់បន្ថែមទៀតថា នៅក្នុងសម័យកាលសង្គ្រាម និងរបបប្រល័យពូជសាសន៍ អំឡុងពេលចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ រាល់ឯកសារពាក់ព័ន្ធត្រូវបានរងការបំផ្លិចបំផ្លាញបាត់បង់ស្ទើរគ្មានសេសសល់។ នៅក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដោយសារការបាត់បង់ឯកសារពាក់ព័ន្ធនានាទាំងអស់ ទើបធ្វើឱ្យការកំណត់ព័ត៌មានអត្តសញ្ញាណរបស់ប្រជាពលរដ្ឋជាច្រើនលើសលប់ ដែលក្នុងនោះរួមទាំង សម្ដេចតេជោផងដែរ គឺពុំមានការចងចាំ ប្រាកដប្រជា អំពីថ្ងៃ-ខែ-ឆ្នាំកំណើតបានឡើយ។ ដូច្នេះលោកមេធាវី គោរពស្នើសុំលោកប្រធានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតសម្តេចតេជោ មកថ្ងៃខែឆ្នាំពិតប្រាដក គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២វិញ៕