(ព្រះវិហារ)៖ សមាគមអតីយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០១៧-២១ មិថុនាឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។ ក្នុងមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធកម្ពុជាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធកម្ពុជាខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានថ្លែងផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដូចជាបានផ្តល់ និងដំឡើងប្រាក់សោធននិវត្តន៍ប្រចាំខែ ផ្តល់បណ្ណថែទាំសុខភាព និងបណ្ណមូលនិធិសមធម៌សុខាភិបាល ដើម្បីព្យាបាលជំងឺតាមមន្ទីរពេទ្យដៃគូរ ដោយមិនបង់ប្រាក់ ការផ្តល់អាទិភាពចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគ បរិភោក ជាហូរហែរ។
លោក ប្រាក់ សុវណ្ណ ក៏បានថ្លែងនូវការកោតសរសើរ ដល់តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានរៀបចំរំលឹកខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា២១ និងសូមថ្លែងអំណរគុណដល់សមាជិកអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដែលបានអញ្ជើញចូលរួម កាន់តែមានភាពអធិកអធម។
លោកបានអះអាងថា ស្ថិតក្រោមម្លប់សន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបានរីកចម្រើនគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលមានភាពរឹងមាំ មានសមត្ថភាព អាចទប់ទល់ និងដោះស្រាយវិបត្តិជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ មានលទ្ធភាពផ្តល់វ៉ាក់សាំងដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងរក្សាបានលំនឹងម៉ាក្រូសេដ្ឋកិច្ច ដែលនាំទៅរកស្ថេរភាពសេដ្ឋកិច្ចជាលំដាប់។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដំណើរការទៅបានអាស្រ័យដោយមានគោលការណ៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងដោយមានការចង្អុលបង្ហាញពីលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាសមាគមអតីតយុទ្ធជនកម្ពុជា និងដោយមានការដឹកនាំផ្ទាល់ពីសំណាក់ប្រធានកិត្តិយសសមាគមអតីយុទ្ធជនកម្ពុជាខេត្ត ទាំងស្មារតី និងសម្ភារ។
លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានបន្ដថា ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានសាងសង់ផ្ទះជូនអតីតយុទ្ធជន បានចំនួន៩៧ខ្នង ក្នុង១ខ្នងចំនាយថវិកាអស់១១,៧០០,០០០រៀល។ ដោយឡែកការងារចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានទទួលមរណៈភាពចំនួន១៨សព និងបានដោះស្រាយថវិកាបេឡាមរណៈសង្ក្រោះ បានទាន់ពេលវេលាជូនគ្រួសាសពប្រើប្រាស់ថវិកាអស់ចំនួន៥៦,០០០,០០០រៀលផងដែរ៕