(ភ្នំពេញ)៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គឺជាថ្ងៃប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងប្រជាជនកម្ពុជា ប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំឭកដល់គំរូវីរភាពដ៏មោះមុត គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺរួមចំណែកសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដីការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ នេះបើយោងតាមខ្លឹមសារ នៃសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុនសែនបានថ្លែងអំណរគុណផងដែរ ចំពោះកាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការ មិនមែនរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់បងប្អូន អតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងគ្រួសារយុទ្ធជនពលី មរណ: ដែលមានជីវភាពលំបាក សំដៅចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់បងប្អូន។
សម្តេចតេជោ បន្តថា ទឹកចិត្តនឹងកាយវិការដ៏សប្បុរសនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីនៃការជួយគ្នាទៅវិញទៅមក នៅគ្រប់កាលៈទេសៈ គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ សម្តេចសូមអំពាវនាវបងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ។
សម្តេចតេជោបន្តទៀតថា គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូន អតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលយោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។ បន្ថែមពីនោះ ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវ ការផ្ដល់សេវារបបសន្តិសុខសង្គម សម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន តាមរយៈបេឡាជាតិអតីតយុទ្ធជន នៅទូទាំងប្រទេស។ ម៉្យាងវិញទៀត ក្រសួងត្រូវខិតខំជំរុញការអនុវត្តន៍ គម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និង គ្រួសារដូចដែលបានបញ្ចូលក្នុងផែនការ វិនិយោគសាធារណៈរបស់រាជ រដ្ឋាភិបាល។
តាមរយៈវិទ្យុមិត្តភាពកម្ពុជាចិន លោក ប៉ាល់ សុង ជាមន្ត្រីចូលនិវត្តន៍ម្នាក់បានអរគុណចំពោះរាជរដ្ឋា ភិបាលដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់អតីតយុទ្ធជន មន្ត្រីរាជការចូលនិវត្តន៍ តាមរយៈ ផ្តល់គោលនយោបាយផ្សេងៗ ជាពិសេសការខិតខំតម្លាក់ប្រាក់សោធននិវត្តន៍ជាបន្តបន្តាប់។
លោក ប៉ាល់ សុង បានថ្លែងដូច្នេះថា៖ «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ នៅពេលរាជរដ្ឋាភិបាលដែលមានសម្តេតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី ដែលលោកបានយកចិត្តទុកដាក់ ដល់អ្នកចូលនិវត្តន៍ ជាពិសេស ការតម្លើងប្រាក់បៀវត្សរ៍រវាង អ្នកចូលនិវត្សរ៍មុន និងអ្នកចូលនិវិត្សរ៍ក្រោយឱ្យបានប្រហាក់ប្រហែលគ្នា ដើម្បីលើកស្ទួយជីវភាពរបស់នៅឱ្យបានល្អប្រសើរ។ ចំពោះការបើកប្រាក់ខែវិញមិនមានការយឺតយ៉ាងទេ»។
លោក ទឹម វន ប្រធានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍ នៃមជ្ឈមណ្ឌលតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការអភិវឌ្ឍអប់រំបច្ចេកទេស នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ក្នុងនាមលោកជាមន្ត្រីរាជការជំនាន់ក្រោយ ពិតជាអរគុណយ៉ាងខ្លាំង និងដឹងគុណជានិច្ចចំពោះវីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជំនាន់មុនៗ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិទើបមានដូចថ្ងៃនេះ។
លោកបានយល់ឃើញថា យុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការជំនាន់មុនៗ ពិតជាស័ក្តិសម ក្នុងការយកជាគំរូសម្រាប់ការសិក្សារៀនសូត្រដកស្រង់បទពិសោធន៍ពីពួកគាត់ក្នុងការយកមកបន្តកសាង អភិវឌ្ឍន៍សង្គមជាតិកាន់តែរីកចម្រើនថែមទៀត។ លោកបានជំរុញលើកទឹកចិត្តដល់ ភាគគីពាក់ព័ន្ធបន្តផ្តល់អាទិភាព យកចិត្តទុកដាក់លើផ្នែកសុខភាព ជីវភាព និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់និវត្តន៍ជនដើម្បីជាការលើកទឹកចិត្ត។
ជាមួយគ្នានេះ សមាជិកក្រុមគ្រូសារ របស់យុទ្ធជន យុទ្ធនារី ចាស់ជរា និងមន្ត្រីរជាការចាស់ៗទាំងអស់គប្បីថែរក្សាសុខាភាពផ្លូវកាយ ផ្លូវចិត្តរបស់ពួកគាត់ និងបំពេញតម្រូវការពួកគាត់ឱ្យបានច្រើនព្រោះថា មនុស្សចាស់ងាយ នឹងបាក់ទឹកចិត្តបើយើងមិនបានគិតគូរបានល្អ។
លោក ទឹម វន បាននិយាយដូច្នេះថា៖ «ខ្ញុំគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលពេញទំហឹង ដែលបានគិតគូលើកតម្កើនជីវភាពរបស់មន្ត្រីចាស់ៗចូលនិវត្តន៍ ។ ខ្ញុំក៏សុំឱ្យភាគីពាក់ព័ន្ធ ជួយលើកទឹកចិត្តដល់ពួកគាត់ ឱ្យបានបន្តចូលរួមកិច្ចការសង្គមបន្ថែមទៀត ដូចជាមន្ត្រីជាប់កិច្ចសន្យា មន្ត្រីបណ្តែត ឬទីប្រឹក្សា ក្រសួងស្ថាប័ន ផ្សែងដែលពួកគាត់ធ្លាប់ធ្វើការ បើសិនគាត់នៅមានសុខភាពកាយសម្បទាអាចបំពេញការងារបាន។ បើពួកគាត់គាត់មានកូន គួរតែផ្តល់អាហារូបករណ៍ឱ្យកូនរបស់គាត់បានរៀនខ្ពស់ជាដើម»។
យោងតាមសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យដឹងថា បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៣,៧៩៧នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥០,៥៣៩នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។ គិតចាប់ពីខែមេសា ឆ្នាំ២០២០មករាជរដ្ឋាភិបាលបាន ដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ចាប់ពី ៥៦ម៉ឺនរៀល ដល់៦២ម៉ឺនរៀល និងត្រូវបន្ថែមឱ្យដល់ត្រឹម ៦៤ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំដំឡើងប្រាក់សោធន៍និវត្តដល់អតីតយុទ្ធជន និងនិវត្តជនផងដែរ។ រាជរដ្ឋាភិបាល ក៏បានផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បុណ្យភ្ជុំបិណ្ឌ ចំនួន៥ម៉ឺនរៀល ជូនដល់និវត្តជន ជនបាត់បង់សមត្ថភាពការងារ ជនពិការ និងគ្រួសារអតីតយុទ្ធជន។
សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងតាមប្រព័ន្ធទិន្នន័យព័ត៌មានវិទ្យា ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើករបបសន្តិសុខសង្គមប្រចាំខែ ដែលកំពុងអនុវត្តជាមួយ ធនាគារដៃគូនៅទូទាំង២៥ រាជធានី ខេត្ត និងបើកប្រាក់របបសន្តិសុខសង្គមរៀងរាល់ពីរសប្តាហ៍ម្តង ក្នុងខែនីមួយៗ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៩ មកម្ល៉េះ។ រាជរដ្ឋាភិបាល បានផ្តល់ប័ណ្ណថែទាំសុខភាព (បស.ស) ជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារ និងប័ណ្ណមូលនិធិសមធម៌សុខាភិបាលជូន អ្នកកាន់សៀវភៅរបស់គ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យដែលបានចុះកិច្ចសន្យាជាមួយ (ប.ស.ស.) ដោយមិនបង់ប្រាក់។
រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការ នៅតាកែនកោះស្ល ស្រុកឈូក ខេត្តកំពត មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ នៅស្រុកគូលែន ខេត្តសៀមរាប និងមណ្ឌលអភិវឌ្ឍន៍ យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។ សមាគមអតីតយុទ្ធជនកម្ពុជា និងសប្បុរសជននានា បានកសាងផ្ទះរាប់ពាន់ខ្នង ជូនបងប្អូនអតីតយុទ្ធជននៅតាមបណ្តាសហគមន៍ផងដែរ។
សរុបសេចក្តីមកការការគាំទ្រផ្នែកសង្គមពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់ប្រាក់ឧបត្ថម ការដំឡើងប្រាក់បៀវត្ស ដល់មន្ត្រីរជាការចូលនិវត្តន៍ និងការមើលថែពីសំណាក់ក្រុមគ្រួសារគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់មនុស្សចាស់គ្រប់រូប ធ្វើឱ្យពួកគាត់មានភាពកក់ក្តៅ មិនឯកា មានអារម្មណ៍សប្បាយចិត្តរស់បានអាយុវែង។ មិនត្រឹមតែប៉ុណ្ណោះទេ ការគិតគូរដល់មន្ត្រីចូលនិវត្តន៍នេះ មិនត្រឹមតែជាការផ្តល់កម្លាំងចិត្ត ដល់ពួកគាត់ដែលមានវ័យចាសនោះទេ តែក៏បានផ្តល់កម្លាំងចិត្តដល់មន្ត្រីរាជការជំនាន់ក្រោយ ដែលនឹងចូលនិវត្តន៍នៅថ្ងៃអនាគត រឹតតែខិតធ្វើការបម្រើជាតិមាតុភូមិ អស់ពីកម្លាំងកាយចិត្ត ដោយមិនព្រួយបារម្ភពីបញ្ហាជីវភាព ពេលចូលនិវត្តន៍នៅថ្ងៃមុខផងដែរ៕
អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន