(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រចំពោះការចុះអនុស្សារណៈយោគយល់គ្នារវាងកម្ពុជា និងឥណ្ឌូនេស៊ី លើការបង្ហាត់ក្បាច់គុណល្បុក្កតោជូនកីឡាករឥណ្ឌូនេស៊ី ហើយឥណ្ឌូនេស៊ី បង្កាត់កីឡាបញ្ចសីលាដល់កម្ពុជា។
ការប្រកាសគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ប្រាប៊ូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានជម្រាបពីការចុះអនុស្សារណៈយោគយល់គ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឥណ្ឌូនេស៊ី ក្នុងការបង្ហាត់បង្រៀនគ្នាទៅវិញទៅមកជូនដល់កីឡាកររវាងក្បាច់គុណល្បុក្កតោរបស់កម្ពុជា និងកីឡាបញ្ចសីលារបស់ឥណ្ឌូនេស៊ី។
ក្រៅតែពីជម្រាបលើការចុះអនុស្សារណៈហើយនោះ លោករដ្ឋមន្ត្រីការពារជាតិ ក៏បានស្នើសុំការឯកភាពពីសំណាក់សម្តេចតេជោផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះអនុស្សារណៈយោគយល់លើការបង្ហាត់ក្បាច់គុណរវាងគ្នានេះ។ សម្តេចតេជោ បានចាត់ទុកនេះជាវប្បធម៌ល្អមួយរវាងកម្ពុជា និងឥណ្ឌូនេស៊ី។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានជម្រាបសម្តេចតេជោ ហ៊ុន សែន ពីលទ្ធផលជំនួបរវាងលោក និងឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការកងទ័ពពិសេស៩១១។ លោករដ្ឋមន្ត្រី បានជម្រាបជូនសម្តេចតេជោថា ក្នុងជំនួបនោះ លោកបានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ី លើវិស័យពេទ្យ, វិស័យវិស្វកម្ម និងវិស័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា ហើយបានថ្លែងអំណរគុណចំពោះការផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី។ សម្ដេចតេជោ ចាត់ទុកនេះជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ។
សូមបញ្ជាក់ថា នៅក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោនេះ លោកឧត្តមសេនីយ៍ឯក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ លោករដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី បានគូសរំលេចថា ប្រៀបធៀបកម្ពុជា ពេលលោកមកទស្សនកិច្ចកាលពី៥ឆ្នាំមុន និងពេលបច្ចុប្បន្នមានភាពខុសគ្នាឆ្ងាយ ពោលកម្ពុជាបច្ចុប្បន្នបានប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដ៏ស្រស់បំព្រងមួយ៕