(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានបិទបញ្ចប់ដោយជោគជ័យនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។

ការវាយតម្លៃលើលទ្ធផលកិច្ចប្រជុំអាស៊ាន ពីសំណាក់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោក ដាតូ ប៉ាឌូកា ស៊ឺរី ហាជី អេវ៉ាង ហាលប៊ី ប៊ីន ហាជី មហាម៉ាដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohammad Yussof) រដ្ឋមន្ត្រីការពារជាតិប្រុយណេ តំណាងឱ្យរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ តំណាងឱ្យរដ្ឋមន្ត្រីការពារជាតិអាស៊ាន លោកមហាម៉ាដ យូសូហ្វ បានគោរពវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំរបស់សម្តេចតេជោ ក្នុងនាមប្រធានអាស៊ានផងដែរ។

ក្នុងជំនួបនេះ មហាម៉ាដ យូសូហ្វ បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដោយបានអនុម័តនូវឯកសារចំនួន៤ រួមមាន៖ ទី១) ឯកសារទស្សនទានស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាត, ទី២) លើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន, ទី៣) ឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអប់រំយោធានអាស៊ាន និងទី៤) ឯកសារចក្ខុវិស័យភ្នំពេញ ស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការសម្របសម្រួល ឱ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ជាមួយនឹងកិច្ចប្រឹងប្រែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានទាំងអស់ ដែលញ៉ាំងឲ្យកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ទទួលបានជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនដល់រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ និងសូមឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានទាំងអស់ ទទួលបាននូវសេចក្ដីរីករាយ ជាមួយការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនាំជាមួយនូវអនុស្សាវរីយ៍ល្អៗទៅកាន់ប្រទេសវិញ។

សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានរៀបចំធ្វើឡើងនៅកម្ពុជាកាលពីថ្ងៃទី២១ ខែមិថុនា ហើយត្រូវបានបិទបញ្ចប់ទាំងស្រុងនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ៕