(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី បានជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៨៣គ្រួសារ ក្នុងភូមិចំនួន៣ នៃឃុំសំបួរមាស ស្រុកមុខកំពូល។
ក្នុងជំនួបសំណេះសំណាល និងប្រគល់អំណោយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ លោក គង់ សោភ័ណ្ឌ បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបារម្ភគិតគូរយកចិត្តទុកដាក់ដល់ប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដោយពោលថា «ទីណាមានទុក្ខ ទីនោះមានសម្ដេចទាំងទ្វេរ»។
លោកបានចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ទាំង០៣ភូមិ មានចំនួន៨៣គ្រួសារ ដោយក្នុងមួយគ្រួសារដែលរងគ្រោះទាំងស្រុង ទទួលបានថវិកា៤០០,០០០រៀល, គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ទទួលបានថវិកា២០០,០០០រៀល, គ្រួសាររងគ្រោះដោយអន្លើ ទទួលបានថវិកា១០០,០០០រៀល, អ្នករងរបួសធ្ងន់ម្នាក់ ទទួលបានថវិកា ២០០,០០០រៀល, អ្នករងរបួសស្រាល ០២នាក់ ទទួលបានថវិកា២០០,០០០រៀល និងជារួមទទួលបាននូវអង្ករ ២,០៧៥គីឡូក្រាម, មី៨៣កេស, ត្រីខ៨៣កំប៉ុង, ទឹកសុទ្ធដបធំ ៨៣លីត្រ, ទឹកស៉ីអ៉ីវ ៨៣យួរ, ទឹកត្រី ៨៣យួរ, ម៉ាស់ ៨៣ប្រអប់, ជែលលាងដៃ ៨៣ដប និងកៅតង់១២ គ្រួសារដែលរងគ្រោះទាំងស្រុង១២បន្ទះ៕