(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូសម្ព័ន្ធពិភពឥស្លាម ដឹកនាំដោយ លោក មហាំម៉ាត់ អាប់ឌុលការី អាល់អ៊ីសា (MOHAMMAD ABDULKARIM A ALISSA) អគ្គលេខាធិការនៃសម្ព័ន្ធពិភពឥស្លាម និងជាប្រធានសមាគមសម្ព័ន្ធបញ្ញវន្តឥស្លាម ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ព្រឹទ្ធសភាបានចាត់ទុកថា តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ នឹងនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរឱ្យកាន់តែល្អប្រសើរជាងទៀត ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន ប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕