(សៀមរាប)៖ អង្គការមូលនិធិទំពាំងស្នងឫស្សី ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបើកយុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកប្រចាំឆ្នាំនារដូវទឹកឡើងនៅបឹងទន្លេសាប ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ តាមបណ្ដាសហគមន៍នានាជាប់បឹងទន្លេសាប។ យុទ្ធនាការកម្ពុជាស្អាតកម្ពុជាបៃតង ក្រោមប្រធានបទ៖ «ទន្លេសាបបៃតងស្អាត ដោយគ្មានប្លាស្ទិក!» នឹងត្រូវរៀបចំធ្វើការសម្អាតបរិស្ថានប្រមូលសំរាមប្លាស្ទិកចំនួនពីរ គឺនៅតំបន់សហគមន៍ចុងឃ្នៀស និងសហគមន៍ឃុំកំពង់ឃ្លាំង។
ថ្លែងក្នុងឱកាសបើកយុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកប្រចាំឆ្នាំនារដូវទឹកដំឡើងបឹងទន្លេសាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍ ដែលបានជ្រើសរើសខេត្តសៀមរាបរៀបចំនូវយុទ្ធនាការកម្ពុជាស្អាតនេះឡើង ក្នុងគោលបំណងរួមចំណែកជម្រុញភាពស្អាត ក្នុងក្រុងសៀមរាប នាបឹងទន្លេសាបនេះ។ លោកបន្តថា ការបរិស្ថានពិតជាមានសារសំខាន់ណាស់ក្នុងការទាក់ទាញទេសចរ ព្រោះខេត្តសៀមរាប ជាខេត្តប៉ូលទេសចរណ៍ដ៏សំខាន់ នៃព្រះរាជាណាចក្រកម្ពុជា ហើយជាប៉ូលទីបីក្នុងចំណោមប៉ូលសេដ្ធកិច្ចរបស់កម្ពុជា មានប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងមានតំបន់ទេសភាពធម្មជាតិអេកូទេសចរជាច្រើន សម្រាប់ភ្ញៀវទេសចរកម្សាន្ត។
លោកអភិបាលរងខេត្តសៀមរាប បានលើកឡើងទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជាពិសេសនឹងមានការចង្អុលបង្ហាញពីក្រសួងទេសចរ និងមានការគាំទ្រពីស្ថាប័នជំនាញនានា ថែមទាំងមានកិច្ចសហការល្អ វិស័យឯកជន ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិ ជាពិសេសការរួមចំណែកគាំទ្រពីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើឱ្យវិស័យទេសចរណ៍មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។
លោក ហ៊ួត រិទ្ធី អគ្គលេខាធិការរងគណៈកម្មាធិជាតិវាយតម្លៃទីក្រុងស្អាត និងជាប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត បានលើកឡើងថា គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍ មានសេចក្តីរីករាយដែលបានរៀបចំព្រឹត្តិការណ៍កម្ពុជាស្អាត និងកម្ពុជាបៃតង នៅតំបន់សហគមន៍ចុងឃ្នៀស។ លោក ក៏បានបញ្ជាក់ថា កាលពីមិនទាន់មានកូវីដ១៩ សហគមន៍ចុងឃ្នៀស ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ បាននាំថវិកាមកជួយប្រជាជន និងជួយរដ្ឋផងដែរ។ អត្ថប្រយោជន៍នៃភាពស្អាត និងភាពបៃតង បានចូលរួមចំណែកស្តារសេដ្ធកិច្ច និងលើកមុខមាត់ប្រទេសជាតិទៀតផង។
លោក ក៏សង្ឃឹមថា សហគមន៍បឹងទន្លេសាបនឹងស្អាតគ្មានសំណល់ប្លាស្ទិក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តកម្ពុជាតិកាន់តែច្រើនថែមទៀត។
ជាមួយនេះ លោក ស៊ា សុផល ប្រធានអង្គការទំពាំងស្នងឫស្សី មានក្ដីរំពឹងថា យុទ្ធនាការសម្អាតបរិស្ថាននៅរដូវទឹកដំឡើងនេះ នឹងជួយឱ្យសហគមន៍ជាប់បឹងទន្លេសាប មានសោភ័ណភាពស្អាត ពិសេសជួយដល់ប្រព័ន្ធជីវៈចម្រុះក្នុងទឹកជាច្រើន ខណៈដែលទឹកនឹងចាប់ផ្តើមឡើងជាបណ្ដើរៗនាពេលឆាប់ៗខាងមុខនេះ។ លោកក៏ចង់ឃើញសហគមន៍ទាំងអស់ មានស្មារតីស្រឡាញ់បរិស្ថាន ចេះគ្រប់គ្រងសំណល់ប្លាស្ទិក និងយល់ពីគុណវិបត្តិនានាដែលកើតពីការចោលសំរាមប្លាស្ទិកមិនបានត្រឹមត្រូវផងដែរ៕