(ភ្នំពេញ)៖ នាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ នៃក្រសួងទេសចរណ៍ បានរៀបចំកញ្ចប់ទស្សនកិច្ចក្នុងស្រុកដែលមានតម្លៃសមរម្យតាមរយៈ «បណ្ណដំណើរកម្សាន្ត» មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២២ ដោយជាដំបូងនេះបាននាំភ្ញៀវទេសចរទៅទស្សនាតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនក្នុងខេត្តកំពត។
គោលបំណង នៃការរៀបចំដំណើរកម្សាន្តនេះគឺដើម្បីដាក់ឱ្យដំណើរការសាកល្បង នៃបណ្ណដំណើរកម្សាន្តដែលជាផ្នែកមួយក្នុងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង២០២១-២០២៣។ គម្រោងបណ្ណដំណើរ កម្សាន្តនេះនឹងអាចចូលរួមបណ្តុះគំនិតស្នេហាជាតិមាតុភូមិតាមរយៈការផ្សារភ្ជាប់សកម្មភាពទេសចរណ៍ទៅនឹងការអប់រំអំពីបរិស្ថាន សង្គម មនុស្សធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គួររំលឹកថា ការផ្តួចផ្តើមឱ្យដាក់ដំណើរការនៃបណ្ណដំណើរកម្សាន្តនេះគឺយោងតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ៩៤៧ សជណ.ផក ដែលបានចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ អនុញ្ញាតឱ្យក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនរៀបចំកម្មវិធីកម្ពុជាមាតុភូមិខ្ញុំ ក្រោមពាក្យស្លោក៖ ទាំងអស់គ្នាអាចធ្វើដំណើរកម្សាន្តបាន (Everyone can go) សម្រាប់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត និងលើកទឹកចិត្តឱ្យសហគ្រាសឯកជនរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់និយោជិតរបស់ខ្លួនឱ្យបានយ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំទៅទស្សនារមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស។
បណ្ណដំណើរកម្សាន្តនេះដាក់ឱ្យដំណើរការស្របទៅនឹងខ្លឹមសារយុទ្ធនាការទស្សនាស្រុកយើង ក្រោមស្មារតី «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» សំដៅជំរុញចលនាទេសចរណ៍ផ្ទៃក្នុង តាមរយៈការបង្កលក្ខណៈងាយស្រួលឱ្យ ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តបានទូទាំងប្រទេសប្រកបដោយសុវត្ថិភាព និងក្តីសប្បាយរីករាយដែល យុទ្ធនាការនេះត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។
គួរកត់សម្គាល់ថា ក្នុងដំណើរទស្សនកិច្ចតាមរយៈបណ្ណដំណើរកម្សាន្តនេះមានភ្ញៀវទេសចរចូលរួមសរុប៤៣នាក់ក្នុងនោះ៣៧នាក់ជានិស្សិតដែលបានចុះឈ្មោះជាសមាជិកក្នុងកម្មវិធីបណ្ណដំណើរកម្សាន្ត ហើយក៏មានប្រតិបត្តិករទេសចរណ៍មួយចំនួនរួចមកហើយដែលបានចុះឈ្មោះចូលរួមក្នុងគម្រោងបណ្ណដំណើរកម្សាន្ត។ សមាជិកនៃបណ្ណដំណើរកម្សាន្តអាចជាភ្ញៀវទេសចរ (រំពឹងនឹងបានការបញ្ចុះតម្លៃពីសេវាកម្មទេសចរណ៍) និងអាចជាប្រតិបត្តិករទេសចរណ៍ (ឯកភាពលើការបញ្ចុះតម្លៃសេវាកម្មទេសចរណ៍តាមលទ្ធភាពនៃការផ្តល់)។
ជាការអនុវត្តឆ្នាំដំបូងលើការងារបណ្ណដំណើរកម្សាន្តនេះ នាយកដ្ឋានជំនាញនឹងរៀបចំចេញជាបណ្ណក្នុងទម្រង់ឌីជីថលសិនសម្រាប់អ្នកចុះឈ្មោះក្នុងគម្រោងសាកល្បងនេះ៕