(ភ្នំពេញ)៖ លោក គីម វីរៈ ទីប្រឹក្សា និងជានាយកកម្មវិធីជាតិ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងទាមទារឱ្យមានការពង្រឹងនូវសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយមួយ ដើម្បីប្រែក្លាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានភាពធន់នឹងគ្រោះមហន្តរាយ និងកាត់បន្ថយការបាត់បង់អាយុជីវិត និងការខូចខាតសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចតំបន់។
លោក គីម វីរៈ បានថ្លែងបែបនេះ ក្នុងពិធីបើកលំហាត់សមយុទ្ធឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន ដែលរៀបចំដោយប្រទេសកម្ពុជា និងប្រទេសចិន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីតំណាងប្រទេសជាសមាជិក វេទិកាតំបន់អាស៊ាន ក្រុមរុករក និងសង្គ្រោះអន្តរជាតិ (USAR) ក្រុមជំនួយការលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ និងកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយប្រទេសកម្ពុជា ចំនួន ១៦០រូប។
តាមរយៈកិច្ចប្រជុំនេះ ក្នុងនាមជាសហប្រធាន លោក គីម វីរៈ បានសម្តែងការរីករាយ និងអរគុណ ចំពោះសហប្រធានចិន ដែលបានសហការរៀបចំសមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន តាមប្រព័ន្ធវីដេអូ នាពេលនេះ។
ពាក់ព័ន្ធសមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន លោក គីម វីរៈ បានថ្លែងកត់សម្គាល់ថា ស្របពេលនៃការរីកចម្រើនក្នុងសង្គមជាតិ និងបច្ចេកវិទ្យា ក៏មានការកើនឡើងនៃការគំរាមកំហែងនៃការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានគ្រោះមហន្តរាយកើតមានឡើងកាន់តែញឹកញាប់ក្នុងសភាពកាន់តែធ្ងន់ធ្ងរ នាំឱ្យមានការបាត់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ស្ថិតក្រោមស្ថានភាពនេះ ការគ្រប់គ្រង គ្រោះមហន្តរាយ ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់ពិភពលោក ពិសេសសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាតំបន់ងាយរងគ្រោះចំពោះគ្រោះមហន្តរាយដោយធម្មជាតិ ដូចជា ទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ ការរញ្ជួយដីជាដើម។
លោក គីម វីរៈ ក៏បានលើកបង្ហាញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលកើតមាននៅកម្ពុជាកន្លងមក។ លោក គីម វីរៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាននាយឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម ជាមេបញ្ជាការនៅសមរភូមិមុខនៃគ្រោះមហន្តរាយ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការឆ្លើយតបសង្គ្រោះគ្រោះមហន្តរាយដែលកើតមានឡើង។ ជាមួយគ្នានោះកម្ពុជាតែងតែប្រកាន់យកនូវវប្បធម៌ ចែករំលែក ក្នុងស្មារតីជួយគ្នាទៅវិញទៅមកសម្រាប់ការសង្រ្គោះបន្ទាន់ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដែលមានកងកម្លាំងប្រដាប់អាវុធ បានដើរតួយ៉ាងសំខាន់ក្នុងការជួយសង្រ្គោះគ្រោះមហន្តរាយ។ ដូចនេះកម្ពុជា បានប្តេជ្ញាធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងប្រទេស ក៏ដូចជា នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយយកចិត្តទុកដាក់ ស្របតាម «ក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៥-២០៣០»។
ក្នុងនាមលោកទេសរដ្ឋមន្ត្រី គន់ គីម, លោក គីម វីរៈ បានសម្តែងការវាយតម្លៃខ្ពស់ជូនចំពោះសហប្រធានចិន និងគណៈកម្មការរៀបចំ ដែលបានខិតខំប្រឹងប្រែងគាំទ្រ និងរៀបចំសមយុទ្ធនេះ។
សូមបញ្ជាក់ថា «សមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយដីក្នុងតំបន់ទីប្រជុំជន» មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២២ ធ្វើឡើងក្នុងគោលបំណងសំខាន់ ពង្រឹងសមត្ថភាពក្រុមរុករកសង្គ្រោះជាតិ-អន្តរជាតិ និងលើកកម្ពស់ភាពជាដៃគូក្នុងចំណោមប្រទេសជាសមាជិកវេទិកាតំបន់អាស៊ានទាំងអស់។
លោក គីម វីរៈ បង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សមយុទ្ធស្តីពីការឆ្លើយតបគ្រោះរញ្ជួយដីក្នុងរយៈពេល៣ថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រេចនូវគោលបំណងប្រែក្លាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក មានភាពធន់នឹងគ្រោះមហន្តរាយ និងកាត់បន្ថយការបាត់បង់អាយុជីវិត និងការខូចខាតសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចតំបន់។ ជាពិសេសនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសជាសមាជិកវេទិកាតំបន់អាស៊ាន ក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ៕