(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង បានប្រារព្ធពិធីខួបលើកទី ១៥ឆ្នាំ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាព លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង ដែលបានប្រារឰឡើងនៅសាលាខេត្តស្ទឹងត្រែង ដោយមានអតីតយុទ្ធជននិងអ្នកពាក់ព័ន្ធ ចំនួន ២០០រូប ចូលរួម។
ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ទិវាអតីតយុទ្ធជនកម្ពុជា របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែងនាពេលនេះ ធ្វើឡើងក្នុងគោលបំណងរំលឹកអំពីវីរភាព និងផ្តល់កិត្តិយសឲ្យសាកសមនឹងគុណបំណាច់របស់អតីតយុទ្ធជន មានចំពោះជាតិមាតុភូមិនិងប្រជាជន និងជាការផ្សព្វផ្សាយនូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផ្ញើជូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់។
ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តស្ទឹងត្រែងមានអតីតយុទ្ធជន ចំនួន១២៦៩នាក់ ក្នុងនោះមាននិវត្តន៍ជនចំនួន៨២៧នាក់ ជនបាត់បង់សមត្ថភាពការងារចំនួន២៣នាក់ ជនពិការមានចំនួន៧៩នាក់ ជនពលី១៩០នាក់ និងជនមរណៈ ចំនួន១៥០នាក់។
លោក ស្វាយ សំអ៊ាង បានពាំនាំនូវការផ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្តែងនូវការគោរពនិងថ្លែងអំណរគុណចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជារួមចំណែកធ្វើឲ្យប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ។
លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាស់វៃរបស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍ ជាពិសេសបានគិតគូយកចិត្តទុកដាក់អតីតយុទ្ធជនកម្ពុជារប់សយើងទូទាំងកម្ពុជា។ លោកថា ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សម្តេចតែងតែណែនាំដល់សមាគមអតីតយុទ្ធត្រូវយកចិត្តទុកដាក់ ពិនិត្យ តាមដានអំពីការរស់នៅរបស់អតីតយុទ្ធកម្ពុជា ដើម្បីរួមចំណែកដោះស្រាយបញ្ហាទុកលំបាក ទាំងសុខភាពនិងជីវភាពរស់នៅ របស់អតីតយុទ្ធជនយើងនៅគ្រប់ទីកន្លែង ក៏ជាដូចជាអតីតយុទ្ធរបស់យើងក្នុងខេត្តស្ទឹងត្រែង។
នាឱកាសនេះដែរ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង បានជួយឧបត្ថម្ភស្បៀងអាហារ និងថវិកាជូនដល់អតីតយុទ្ធជន ចំនួន៧០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានមី១កេស ត្រីខ១យួរ ស្កសរ១គីឡូក្រាម ទឹកដោះគោ២កំប៉ុង និងថវិកា ចំនួន៤០០០០រៀល៕